នគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ ស្ទាក់ចាប់រថយន្តខ្នាតយក្ស ៣គ្រឿង ដឹកអង្ករដំណើបជិត ៣០តោន នាំចូលពីប្រទេសថៃ តាមច្រកកំពង់ស្រឡៅ

រថយន្តខ្នាតយក្ស ដឹកអង្កដំណើប ៣គ្រឿង ដែលគេអះអាងថា នាំចូលពីប្រទេសថៃ តាមច្រកកំពង់ស្រឡៅ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់បានកាលពីយប់ថ្ងៃទី៣១ សីហា ឈានចូលថ្ងៃទី១ កញ្ញា ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

ជុំវិញការឃាត់រថយន្តដឹកអង្ករដំណើបនេះ ពុំទាន់មានការអះអាងជាផ្លូវការពីសមត្ថកិច្ច ឬមន្ត្រីពាក់ព័ន្ធ ណាមួយនៅឡើយទេ ប៉ុន្តែប្រភពក្រៅផ្លូវការ បានឲ្យដឹងថា រថយន្តទាំងនេះ បានធ្វើសកម្មភាពដឹកអង្កដំណើបចេញពីច្រកកំពង់ស្រឡៅ តាមផ្លូវជាតិលេខ៦ លុះមកដល់ភូមិសាស្ត្រខេត្តកំពង់ធំ ក៏ត្រូវសមត្ថកិច្ចឃាត់តែម្ដង។ ប្រភពបន្តថា ក្រោយនគរបាលសេដ្ឋកិច្ចឃាត់ចាប់រថយន្តទាំង ៣នេះ ស្រាប់តែមានមន្ត្រីគយ ១រូប បានចេញមុខអន្ដរាគមន៍ តែសមត្ថកិច្ចជំនាញមិនព្រមតាមការស្នើសុំ។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១ ខែកញ្ញានេះ ប្រភពក្រៅផ្លូវការដដែលបន្ថែមបានឱ្យដឹងបន្ថែមថា រថយន្តទាំង ៣គ្រឿងនេះ មានច្បាប់អនុញ្ញាតឲ្យដឹកតែ ៦០០គីឡូក្រាម ប៉ុន្តែជាក់ស្ដែង រថយន្តនេះ ដឹងអង្កររហូតដល់ទៅ ២៨តោន។

ទោះយ៉ាងណារហូតដល់ម៉ោង១២ថ្ងៃត្រង់នេះ CNC នៅមិនទាន់ទទួលបានការបញ្ជាក់អះអាងជាផ្លូវការណាមួយ ពីចំណាត់ការច្បាស់លាស់របស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នៅឡើយទេ ។

ពាក់ព័ន្ធករណីនេះ មានការរិះគន់ ចំពោះមន្ត្រីច្រកកំពង់ស្រឡៅ ជុំវិញការអនុញ្ញាតឲ្យមានការនាំចូលទំនិញពីប្រទេសថៃ ខណ:ប្រទេសកម្ពុជា កំពុងមានជម្លោះព្រំដែនជាមួយថៃ ហើយពលរដ្ឋ កំពុងធ្វើពហិការទំនិញថៃ ស្រាប់តែមានរថយន្តខ្នាតយក្សដឹកអង្កដំណើបរាប់សិបតោន ចូលមកទីផ្សារកម្ពុជាទៅវិញ៕

អត្ថបទ៖ ស៊ុំ ស៊ីថាវរី