កម្ពុជាអះអាងថា តំបន់ដែលទាហានថៃជាន់មីនផ្ទុះ គឺស្ថិតក្នុងទឹកដីកម្ពុជា ជាតំបន់អតីតសមរភូមិពីជំនាន់សង្គ្រាមផ្ទៃក្នុងកម្ពុជា ដែលមានមីននិង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសេសសល់ ។
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរកម្ពុជា គ្រប់ គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានថ្លែងយ៉ាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងគ្រាប់មីន«កម្ពុជាស្រឡាញ់សន្តិភាព» ដែលរៀបចំឡើងដោយអាជ្ញាធរមីន នៅព្រឹកថ្ងៃទី១៨ខែសីហានេះ។
ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដែលបច្ចុប្បន្នមាន ១៦៥ប្រទេសជារដ្ឋភាគី កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផលនៃការបោសសម្អាតដ៏ច្រើនលើសលុប។ ជារឿយៗកងទ័ពថៃតែងតែចោទប្រកាន់កម្ពុជា ដោយមិន បានផ្តល់ភស្តុតាងជាក់លាក់ ឬរបាយការណ៍នៃការស៊ើបអង្កេតពិតប្រាកដនោះឡើយ ដែលប្រទេសថៃបានយកបញ្ហាមីនធ្វើនយោបាយ ចោទប្រកាន់ម្តងហើយម្តងទៀត ដើម្បីជាលេសប្រើកម្លាំងយោធារំលោភមកលើកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រាប់ឱ្យភាគីថៃ កុំឱ្យចូលទៅក្នុងតំបន់ទាំងនេះ ព្រោះជាតំបន់ដែលមានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើននៅសេសសល់ វាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សគ្រប់ពេលវេលា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានស្នើដល់អន្តរជាតិ ចូលរួមគាំទ្រលើការ ពិតដែលប្រទេសកម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួនលើអនុសញ្ញាអូតាវ៉ា។ កម្ពុជាជាស្ថាបនិកមួយនៃសន្ធិសញ្ញា អូតាវ៉ា ដោយមិនផលិត មិនប្រើប្រាស់ និងបានកំទេច ចោសគ្រាប់មីននិងកាកសំណល់សង្គ្រាម។ កម្ពុជាត្រូវការសន្តិភាព-ការអភិវឌ្ឍ។
គួរបញ្ជាក់ដែរថា ឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិត និងគ្មានមូលដ្ឋានរបស់ប្រទេសថៃ ពាក់ព័ន្ធនឹងការផ្ទុះមីននៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ អាជ្ញាធរមីនបានផ្ញើលិខិតផ្លូវការ ជូនប្រធានអនុសញ្ញាអូតាវ៉ា ដើម្បីជម្រាបពីសាវតា និងប្រវត្តិដែលថៃតែងចិញ្ចឹមចិត្តឈ្លានពានកម្ពុជា ដោយប្រើរូបភាពថាកម្ពុជាដាក់មីនថ្មី។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុច បញ្ជាក់ទៀតថា នៅតាមបណ្តោយព្រំដែនកម្ពុជា -ថៃ នៅជាចម្ការមីននៅឡើយ។ កម្ពុជាបើកទ្វារស្វាគមន៍ ជាមួយភាគីថៃនាពេលអនាគត សហការបោស សម្អាតគ្រាន់មីន បន្ទាប់ពីមានការឯកភាពគ្នាលើការវាស់វែងបោះ បង្គោលព្រំដែនរួមគ្នា។ កម្ពុជាបើកបេះដូងក្នុងកិច្ចសហការ ដើម្បីកសាងព្រំដែនសន្តិ ភាពនិងអភិវឌ្ឍន៍។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា ក៏បានបញ្ជាក់ថា កម្ពុជាបានផ្តោតការយកចិត្តទុកដាក់លើសកម្មភាពបោស សម្អាតមីន ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម និងហេដ្ឋារចនាសម្ព័ន្ធ។ស៊ីម៉ាក់រំដោះបានផ្ទៃដីជាច្រើន និងបានហ្វឹកហ្វឺន បច្ចេកទេសដោះមីន ដល់បណ្តាប្រទេសជាច្រើន និងបានបញ្ជូនអ្នកដោះមីនក្រោមឆ័ត្រអង្គការសហ ប្រជាជាតិជួយដល់ប្រទេសដែលត្រូវការសន្តិភាព៕



