លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥នេះ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាពមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ និងបានរាយបន្លាលួសក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
តាមរយៈសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានទាមទារឲ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នេះ ដែលបាននិងកំពុងរំលោភបំពានលើបទឈប់បាញ់ ជាពិសេសត្រង់ចំណុចទី២ និងចំណុចទី៤ នៃកិច្ចព្រមព្រៀងរបស់គណៈកម្មាការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៉ី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃទី១២ និងថ្ងៃទី១៣នេះ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ បានប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពចូលមកត្រួតពិនិត្យ នៅទល់មុខច្រកជោគជ័យ ដែលបានរាយលួសបន្លា ព្រមទាំងដាក់កងឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងទិសទី១ នៃយោធភូមិភាគទី៥»។
កម្ពុជា ទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌនូវរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីនៃការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ថៃ GBC ជាពិសេសត្រង់ចំណុចទី២ និងទី៤។
ចំណុចទាំងពីរខាងលើ បានកំណត់ថា «ភាគីទាំងពីរព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឲ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើង ក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាន នៅម៉ោង១២អធ្រាត្រម៉ោងក្នុងតំបន់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ឡើយ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាត ទៅទីតាំងរបស់ភាគីម្ខាងទៀតឡើយ និងភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយ ដែលអាចនាំឲ្យមានតានតឹង ក្នុងនោះរួមមាន ការធ្វើសកម្មភាពយោធាក្នុងដែនអាកាស និងបូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត នៅពេលបទឈប់បាញ់ចូលជាធរមាន។ ភាគីទាំងពីរឯកភាពគ្នាមិនធ្វើការសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬលេណដ្ឋានឲ្យហួសពីទីតាំងរបស់ខ្លួនឡើយ»។
ជាមួយគ្នានេះ ស្របតាមការឯកភាពគ្នាក្នុង MoU 2000 ដោយគោរពឲ្យបានម៉ឺងម៉ាត់តាមខ្លឹមសារមាត្រា៥ ត្រូវរក្សាស្ថានភាពដដែល ហាមធ្វើសកម្មភាពណាមួយដែលនាំឲ្យមានការប្រែប្រួលបរិស្ថាននៃតំបន់ព្រំដែន។ ចំពោះតំបន់ណាដែលមិនទាន់ឯកភាពគ្នា ត្រូវរង់ចាំចរចា ការដោះស្រាយគណៈកម្មាធិការចម្រុះខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនគោកព្រំដែនកម្ពុជា ថៃ JBC។
កម្ពុជា សូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្ដេជ្ញាចិត្តឥតងាករេរបស់ខ្លួននូវការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៉ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន៕





