ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការ ពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។
នៅលេីបណ្តាញសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ស្របតាមសំណូមពរ របស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណ ចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញ ឲ្យមានបទឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ រហូតដល់មានសន្តិភាព ពេញលេញ រវាងប្រទេសទាំងពីរ។
សម្តេចធិបតីក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការ ពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាព ឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។
សូមរំលឹកថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បាន ចុះកិច្ចព្រមព្រៀង១៣ចំណុច ចំពោះបទឈប់បាញ់ ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំឡេីង នៅប្រទេសម៉ាឡេស៊ី ខណៈដែល សហរដ្ឋអាមេរិក និងប្រទេសចិន បន្តគាំទ្របទឈប់បាញ់រវាង កម្ពុជា-ថៃ ព្រមទាំងឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ លើការអនុវត្តនេះផងដែរ៕


