ប្រជាពលរដ្ឋកម្ពុជាចំនួន ៣៥ ៨២៩នាក់ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ត្រូវបានភៀសខ្លួនទៅទីតាំងសុវត្ថិភាព ចាប់តាំងពីចោរសៀមបើកការឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា។ នេះបើយោងតាមការឱ្យដឹងពៅ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥។
លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា ការវាយប្រហាររបស់ទាហានឈ្លានពានថៃ បានបង្កការលំបាកដល់ពលរដ្ឋរស់នៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងនោះមាន ខេត្តឧត្តរមានជ័យ មានពលរដ្ឋ ៦ ៥៧៧គ្រួសារ ស្មើនឹង ២៣ ៣២៨នាក់ ខេត្តព្រះវិហារ មានពលរដ្ឋ ៣ ១១២គ្រួសារ ស្មើនឹង ១០ ៤២០នាក់ ខេត្តបន្ទាយមានជ័យ មានពលរដ្ឋ ៥២៤គ្រួសារ ស្មើនឹង ១ ៨៨០នាក់ និងខេត្តពោធិ៍សាត់ ៩៤គ្រួសារ ស្មើនឹង ២០១នាក់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព។
សូមបញ្ជាក់ថា ចាប់តាំងពីការផ្ទុះអាវុធមកទាហានកម្ពុជាចំនួន ៥នាក់ ត្រូវបានពលីជីវិត និង២០នាក់ បានរបួស ខណៈពលរដ្ឋ ៨នាក់ស្លាប់ និង៥០នាក់របួស នៅក្នុងខេត្តឧត្តរមានជ័យ៕



