យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ បានផ្សាយនៅរសៀលថ្ងៃ២៤កក្កដានេះថា កងយោធាថៃ បានបើកការវាយប្រហារតាដែនអាកាសមុនមកលើគោលដៅយោធាកម្ពុជា ដែលស្ថិតនៅតាមបណ្តោយព្រំដែនដែលកំពុងតែមានជម្លោះរវាងភាគីទំាងពីរ។
ការប្រយុទ្ធគ្នាបានកើតមានឡើងជាច្រើនទីតំាង នៅតាមបណ្តោយព្រំដែន ខណៈតារាងតុល្យការនៃការខូចខាតមិនទាន់បានផ្សព្វផ្សាយឱ្យដឹង។
តាមសេចក្តីរាយការណ៍ដដែលបានឱ្យដឹងបន្ថែមទៀតថា ការវាយប្រហារបានកើតមានឡើង ក្រោយពេល១ថ្ងៃ នៃការរងរបួសរបស់ទាហានថៃចេញពីការជាន់គ្រាប់មីន ដែលជំរុញឱ្យចំណងការទូតរវាងប្រទេសទំាងពីរបានធ្លាក់ចុះដល់កំរិតទាបបំផុតមួយ។
ប្រទេសថៃឡង់ដ៍ និងប្រទេសកម្ពុជាមានទំនាក់ទំនងជារបៀបសហប្រតិបត្តិការផង និងគូរវិវាទផង ខណៈមានខណ្ឌសីមាជាប់គ្នាប្រវែង៨០០គីឡូម៉ែត្រឯណោះ.។
មុនឈានដល់ការផ្ទុះអាវុធនេះ ប្រទេសថៃ បានប្រើប្រាស់គ្រប់ល្បិចកល ក្នុងគោលដៅឈ្លានពានទឹកដីកម្ពុជា ក្នុងនោះថៃ ក៏បានបង្កើតសេនារីយ៉ូ ចោទប្រកាន់កម្ពុជាថាដាក់មីនថ្មីបង្កឱ្យទាហានថៃរងរបួសផងដែរ។ បញ្ហានេះ កម្ពុជា បានច្រានចោលទាំងស្រុង ដោយបញ្ជាក់ថា ថៃជាអ្នកដើរល្បាតខុសតម្រាយផ្លូវ ចូលដែនអធិបតេយ្យកម្ពុជា និងបានប្រាប់ថៃ ឱ្យឈប់ដើរខុសតម្រាយផ្លូវតទៅទៀតផងដែរ.។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះការឈ្លានពានរបស់ថៃ ដោយកម្ពុជាចាត់ទុកថា ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បាននិយាយថា ទាហានថៃគឺជាអ្នកឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន៕


