លោកវរសេនីយ៍ទោ ជឿន សារួន អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ដោយសារមិនទទួលខុសត្រវចំពោះតួនាទីភារកិច្ចជានគរបាលជាតិ។ ក្រៅពីនេះបុគ្គលរូបនេះក៏មានរឿងអាស្រូវពាក់ព័ន្ធបញ្ហាពលរដ្ឋទិញដីឡូត៍ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺក្រោយបង់លុយរួចហើយ និងកំពុងបង់លុយបន្តតែមិនទទួលបានដី និងប្លង់ដែលអធិការរងខណ្ឌព្រែកព្នៅរូបនេះបានរត់គេចខ្លួនទៅក្រៅប្រទេសបាត់។
ពាក់ព័ន្ធករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យក្រោមរូបភាពបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ពាក់ព័ន្ធនឹងមន្រ្តីរូបនេះបានល្មើសវិន័យកងកម្លាំងនគរបាលជាតិអវត្តមានបាត់មុខគ្មានមូលហេតុដោយមិនបានមកបំពេញភារកិច្ចនៅអង្គភាពជាច្រើនថ្ងៃមកហើយ មិនទទួលខុសត្រវចំពោះតួនាទីភារកិច្ចជានគរបាលជាតិ។ ដូចនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រជុំក្រុមប្រឹក្សាវិន័យហើយបានសម្រេចសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលេីកឡេីងថា ករណីអធិការរងខណ្ឌព្រែកព្នៅ លោកវរសេនីយ៍ទោ ជឿន សារួន ដែលបានធ្វើសកម្មភាពបង្កបញ្ហាពាក់ព័ន្ធនឹងរឿងរ៉ាវដីធ្លីជាមួយប្រជាពលរដ្ឋជារឿងបុគ្គល មិនជាប់ពាក់ព័ន្ធជាមួយនិងអង្គភាពនោះឡើយ៕

