ឯកឧត្តម អ៊ុំ រាត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់កងកម្លាំងដែលឈរជើងនៅតាមបណ្តោយព្រំដែន អាជ្ញាធរក្រុង-ស្រុក ជាប់ព្រំដែន បន្តរួមគ្នាទប់ស្កាត់នូវបទល្មេីសផ្សេងៗ មិនអនុញ្ញាតឱ្យមានការយកទំនិញពីថៃចូលកម្ពុជាឡេីយ បេីមានត្រូវតែពួតដៃក្នុងការធ្វើការបង្ក្រាបឱ្យបាន បេីទោះបីស្ថានភាពនៅព្រំដែនមិនទាន់ស្រាលក៏ដោយ។ ជាពិសេសសមត្ថកិច្ច និងអាជ្ញាធរតាមច្រកព្រំដែននីមួយៗ ត្រូវបន្តប្រចាំការរង់ចាំទទួលបានបងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ ចូលមកកម្ពុជា។
ការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់នេះធ្វេីឡេីងនៅក្នុងដែលឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ជាមួយការងារក្រុមការងារ កងកម្លាំងឈរជេីងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំ នេះក៏មាន ការចូលរួមពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក ជាប់ព្រំដែនកម្ពុជា-ថៃ ដែលធ្វេីឡេីងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ ២០២៥។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានជំរុញទៅដល់កងកម្លាំងគ្រប់កងអង្គភាពដែលឈរជើងតាមបន្ទាត់ព្រំដែន អាជ្ញាធរ មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ពិនិត្យទៅតាមបន្ទាត់ព្រំដែន មិនអនុញ្ញាតឱ្យមានការលួចឆ្លងដែន ក៏ដូចជាសកម្មភាពផ្សេងៗ ដែលជាបទល្មើសតាមព្រំដែន បេីសិនជាមានការរកឃេីញថាមានបទល្មេីសនៅតាមព្រំដែនត្រូវធ្វេីការបង្ក្រាបឱ្យបានដោយគ្មានលេីកលែងឡេីយ។
ក្នុងនោះដែរឯកឧត្ដម អភិបាល ខេត្ត ក៏បានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់វិលត្រឡប់មកកម្ពុជាវិញ សូមធ្វើដំណើរតាមច្រកផ្លូវការ ដើម្បីងាយស្រួលក្រុមការងាររង់ចាំទទួល។ ហេីយឯកឧត្តម ក៏បានបញ្ជាក់ជាថ្មីទៀតថា រដ្ឋបាលខេត្តបានត្រៀមនូវរថយន្តជាច្រើនគ្រឿង ព្រមទាំងទីតាំងសំចតសម្រាប់ទទួលបងប្អូនពលករនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមានក្រុមការងារចម្រុះ មានក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ប.ស.ស ក៏ដូចជាសមត្ថកិច្ច អាជ្ញាធរក្រុង បានចាំទទួលដោយមានការផ្តល់នូវអាហារសម្រន់ ក៏ដូចជាជូនដល់បងប្អូនទៅតាមបណ្ដាខេត្តដោយពុំមានគិតថវិកាឡេីយ៕




