នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានទទួលពាក្យបណ្តឹងពីឈ្មោះ JIANG QINGQING ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន និងឈ្មោះ XU XIAODAN ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ MU PENGFEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន និងបក្ខពួកបានធ្វើសកម្មភាពចាប់បង្ខាំង និងជំរិតទារប្រាក់ ចំនួន១,០០០,០០០យ័ន្ត នៅចំណុចក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
ក្រោយពីទទួលបានពាក្យបណ្តឹង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនាយកដ្ឋានគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។
រហូតដល់ល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ រួមមាន ឈ្មោះ ZHANG REN HUA ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន, ឈ្មោះ LU MING ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន, ឈ្មោះ HANG HANG CHAI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ឃាត់ខ្លួននៅត្រង់ចំណុច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្នក្រុមជនសង្ស័យ ត្រូវបាននាំខ្លួនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងប្រគល់ជូនស្នងការដ្ឋាននគរបាលចាត់ការតាមនីតិវិធីច្បាប់៕
