ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យដែលបានជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងរបស់ជនរងគ្រោះឈ្មោះ GLADYS ELISA ភេទស្រី ដែលកំពុងដើរ នៅចំណុចផ្លូវលេខ១០៦ កែងផ្លូវ លេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសម្រេច រួចជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់។
ក្រោយពីសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងពិនិត្យមើលតាមកាំមេរ៉ាដែលនៅជុំវិញកន្លែងកើតហេតុ ក៏បានឃើញពីសកម្មភាពខាងលើ ព្រមទាំងកំណត់បាននូវអត្តសញ្ញាណរបស់ជនសង្ស័យឈ្មោះ ប៉ុល ខូចចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ ដែលជាទណ្ឌិត ទើបអនុវត្តទោស ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ តាមអំណាចសាលក្រមលេខ ៣៣៧ ក្រ៣ខ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ។ លុះនៅវេលាម៉ោង ១៧:៥ នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានបន្ត ស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ប៉ុល ខូចចិន្តា នៅចំណុចបន្ទប់ជួល ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដកហូតវត្ថុតាង ម៉ូតូ១គ្រឿងម៉ាក YAMAHA XRIDE ពណ៌ខ្មៅ (ឡើងតែមពណ៌ប្រផេះ) ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1HN-9870 (ផ្លាកលេខមិនប្រក្រតី), កាបូបស្ពាយ ពណ៌ខ្មៅ របស់ជនរងគ្រោះដែលក្នុងកាបូបនោះមាន ទុកកាបូបលុយពណ៌ផ្កាឈូកចំនួន១ អត្តសញ្ញាណប័ណ្ណសញ្ជាតិអេស្ប៉ាញចំនួន ១សន្លឹក និងកាតធនាគារចំនួន៤សន្លឹក។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ ពីបទ លួចមានស្ថានទម្ងន់ទោស (ការមិនរាងចាលក្នុងបទឧក្រិដ្ឋ) បទ ប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ និងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវលេខ១០៦ កែងផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៥ មាត្រា ៣៥៣ មាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ មាត្រា ៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យខាងលើបានប្រព្រឹត្តអំពើមិនរាងចាលក្នុងបទឧក្រិដ្ឋ ហើយផ្អែកតាមច្បាប់អាចនឹងផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់២០(ម្ភៃ)ឆ្នាំ៕



