កែប៖ នារសៀលថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានអញ្ជើញជាអធិបតីពិធីបើកវគ្គបំប៉នជំនាញ ស្តីពីវិន័យនគរបាលជាតិកម្ពុជា ការស្លៀកពាក់ឯកសណ្ឋាន ក្រមសីលធម៌វិជ្ជាជីវៈនគរបាល តួនាទីប៉ុស្តិ៍នគរបាល និងលំហាត់របៀប។ ដែលមានលោក ស្នងការរង អញ្ជើញជាគណៈអធិបតី នាយការិយាល័យ អធិការនគរបាលក្រុង ស្រុក គ្រូឧទ្ទេស អញ្ជើញចូលរួម សិក្ខាកាមមកពីបណ្តាការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ចំនួន៧៧នាក់ ស្រី១៤នាក់ ចូលរួមសិក្សា រយៈពេល២សប្តាហ៍ នៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តកែប។
បន្ទាប់ពីពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងស្តាប់របាយការណ៍ក្នុងវគ្គសិក្សាពីលោកវរសេនីយ៍ឯក សាន គន នាយការិយាល័យបណ្តុះបណ្តាល រួចមក លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ ដោយណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា ដើម្បីយកចំណេះដឹងទៅបំពេញភារកិច្ច នៅអង្គភាពជំនាញ និងនៅមូលដ្ឋាន ដោយផ្សារភ្ជាប់ជាមួយអាជ្ញាធរ ជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យកិច្ចការនេះធ្វើទៅបានល្អ គ្រប់ការងារដែលយើងបំពេញ ត្រូវគោរពវិន័យប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈរបស់កងកម្លាំង គឺត្រូវគោរព និងអនុវត្តដោយស្មោះត្រង់ជាមួយប្រជាពលរដ្ឋ រួសរាយរាក់ទាក់មិនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយត្រូវមានអាកប្បកិរិយាសុភាពរាបសារ ស្លូតបូត ទន់ភ្លន់ ថ្លៃថ្នូរ និងម៉ឺងម៉ាត់។
ចុងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់សមាជិក សមាជិកាក្នុងអង្គពិធីទទួលបានសុខភាពល្អបរិបូរណ៍ សម្រេចបានជោគជ័យគ្រប់ៗភារកិច្ច និងជូនពរដល់សិក្ខាកាមទាំងអស់ឱ្យទទួលបានជោគជ័យក្នុងវគ្គសិក្សាគ្រប់ៗគ្នា៕








