លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា មកដល់ម៉ោងនេះ កម្ពុជា មិនបានយកអគ្គិសនីពីប្រទេសថៃ ចូលមកកម្ពុជា តាមរយៈបណ្តាញជាតិនោះទេ ពោលគឺសូន្យ ដោយសារប្រទេសកម្ពុជា មានអគ្គិសនីគ្រប់គ្រាន់ ដែលអាចផ្គត់ផ្គង់ទៅគ្រប់ទីកន្លែងទូទាំងប្រទេស។
ការគូសបញ្ជាក់របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋមកពី ១៤ភូមិ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ សរុបប្រមាណជាង ៥០០នាក់ ខេត្តពោធិ៍សាត់ នាថ្ងៃទី ១១ខែមិថុនា ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បច្ចុប្បន្នមានតែសហគមន៍ចំនួន ៣តែប៉ុណ្ណោះនៅកម្ពុជា ដែលជាប់នឹងព្រំដែន ដូចតំបន់ខ្លះនៃអូរស្មាច់ ដែលយកភ្លើងពីថៃតាមរយៈតង់ស្យុងមធ្យមដោយមិនចូលបណ្តាញជាតិនោះទេ ដោយសារមានភូមិឃុំស្ថិតនៅជិតគ្នា ក៏យកមកបន្តិចទៅ។
លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា៖ «ប្រសិនបើមានការផ្តាច់ពីថៃ យើងក៏អាចមានលទ្ធភាពដើម្បីបញ្ជូនភ្លើងពីបណ្តាញជាតិទៅភូមិឃុំទាំងនោះដែរ ដូច្នេះបើមានការអាក់ខាន បណ្តាញជាតិរបស់យើង គឺអាចឈរជើងបាន។»
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានពន្យល់ទៀតថា អ្វីទៅដែលហៅថា បណ្តាញជាតិ គឺជាការតភ្ជាប់អគ្គិសនីតង់ស្យុងខ្ពស់ ចាប់ពី ១១៥គីឡូវ៉ុល ដល់ ៥០០គីឡូវ៉ុល ដែលជាឆ្អឹងខ្នងរបស់កម្ពុជា ក៏ដូជារបស់ថៃដែរ។ ប៉ុន្តែយើងមិនបានយកភ្លើងនេះ មកបំពេញឲ្យគ្នានោះទេ ដោយសារយើងមានសមត្ថភាពក្នុងការផ្គត់ផ្គង់ភ្លើងគ្រប់គ្រាន់។
យោងតាមសារព័ត៌មានThe Nation របស់ថៃ បានរាយការណ៍ថា លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ បានព្រមានក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ថៃនឹងប្រើជម្រើសកាត់ផ្តាច់អ៊ីនធឺណិត និងថាមពលអគ្គិសនីដែលលក់មកឲ្យកម្ពុជា ប្រសិនបើកម្ពុជាបន្តកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះ (JBC) តាមរបៀបវារៈដែលកម្ពុជាបានគ្រោងទុក។ តាមការគ្រោងទុកកិច្ចប្រជុំ (JBC) ដែលនឹងធ្វើនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីដោះស្រាយបញ្ហាព្រំដែនតាមរយៈការសន្ទនា។
គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៤ ប្រភពអគ្គិសនីត្រូវបានអភិវឌ្ឍឱ្យកើនឡើងដល់ ៤.៨១៤មេហ្គាវ៉ាត់ ដែលលើសពីតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ តួលេខនេះនឹងបន្តកើនឡើងលើស ១ម៉ឺនមេហ្គាវ៉ាត់ នៅមុនឆ្នាំ ២០៣០។ ចំណែកការចែកចាយអគ្គិសនីរបស់ប្រព័ន្ធបណ្តាញជាតិអាចគ្របដណ្តប់លើភូមិចំនួន ៩៩,១៥% និងបានភ្ជាប់ឱ្យលំនៅឋាន ៣,៥៩លានផ្ទះ ត្រូវជា ៩៦,៥១% នៃផ្ទះសរុបទូទាំងប្រទេស រួចហើយ៕
លោករដ្ឋមន្ត្រី កែវ រតនៈ៖ មកដល់ម៉ោងនេះ កម្ពុជា មិនបានយកអគ្គិសនីពីប្រទេសថៃ ចូលមកបណ្តាញជាតិនោះទេ ដោយសារកម្ពុជា មានអគ្គិសនីគ្រប់គ្រាន់ហើយ
