មន្ត្រីនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា។
តាមជំនួបនោះភាគីទាំងពីរ បានព្រមព្រៀងឱ្យយោធានៅតំបន់មុំ៣ កន្លែងផ្ទុះអាវុធជួបគ្នា៣ដងក្នុងមួយសប្តាហ៍ ម្ខាង៧នាក់ ដោយគ្មានអាវុធ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការគាំទ្រចំពោះកិច្ចចរចារវាងមេទ័ពកម្ពុជា និងថៃ ឈានទៅកែសម្រួលកម្លាំងទ័ពនៅតំបន់ជម្លោះ។ សម្តេចតេជោ ចាត់ទុក ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ បញ្ជៀសការប៉ះទង្គិច បង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់។
សម្តេចតេជោ បានបញ្ជាក់លើបណ្តាញសង្គមដូចខាងក្រោម៖
ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាង មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិច បង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។
ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់ រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការ នៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។
សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។
សម្តេចបញ្ជាក់ជាថ្មី រឿងប្តឹងទៅតុលាការអន្តរជាតិ នឹងមិនប្រែប្រួលទេ! សម្តេចឆ្លើយតបនឹងខមមិនរបស់មិត្តអ្នកអាននៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅយប់ថ្ងៃទី៨ ខែមិថុនា ។
បន្ថែមពីនេះ សម្តេចតេជោ ក៏បញ្ជាក់ផងដែរថា នោះជាការកែសម្រួលកម្លាំង មិនមែនជាការដកទ័ពទេ ៕




