ប្រជាពលរដ្ឋជាច្រើននាក់ប្រមូលផ្តុំមុខសាលាឃុំផ្លាស់ សុំអន្តរាគមន៍ក្រោយហាមឃាត់របររែងកាកសំណល់ដីរ៉ែចាស់ៗសេសសល់តាំងពីជំនាន់ឆ្នាំ៨០ផ្លាយ និងដីដែលសល់ពីសហគមន៍រ៉ែមាសចាស់
មណ្ឌលគិរី ៖ ក្រុមប្រជាពលរដ្ឋចាស់ក្មេងប្រុសស្រីប្រមាណជិតមួយពាន់នាក់ បានប្រមូលផ្តុំគ្នានៅបវិវេណមុខសាលាឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៥ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីសម្តេចបវរធិបតី ជុំវិញបញ្ហាកង្វះជីវភាពប្រចាំថ្ងៃ ដែលពួកគាត់បានជួបប្រទះ ក្រោយមានការហាមឃាត់ការធ្វើរបររែងកាកសំណល់ដីរ៉ែចាស់ៗសេសសល់តាំងពីជំនាន់ឆ្នាំ៨០ផ្លាយ និងដីដែលសល់ពីសហគមន៍រ៉ែមាសចាស់ជាច្រើនឆ្នាំមកហើយ។ លោក ស៊ុន គីមស្រ៊ាន តំណាងប្រជាពលរដ្ឋរស់នៅភូមិពូទុង បាននិយាយថា គាត់បានទៅរស់នៅតំបន់ចុងផ្លាស់នេះជិត៣០ឆ្នាំហើយ ចំណែកការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់គឺអាស្រ័យលើការរ៉ែរករ៉ែបន្តិចបន្តួចតាមគំនរដីដែលគេបោះបង់ចោលតាំងពីអំឡុងដើមឆ្នាំ១៩៩០មកម្ល៉េះ ។ ហើយគំនរដីខ្លះ គឺជាសំណល់សល់ពីក្រុមសហគមន៍រ៉ែមាសចុងផ្លាស់ទុកចោល ក្រោយសហគមន៍នេះ ត្រូវបានរំលាយកាលពីអំឡុងឆ្នាំ២០១៦-២០១៧ ដោយមិនអាចប្រកបរបរកសិកម្មនៅតំបន់នេះបាន ហើយពួកគាត់ក៏គ្មានលទ្ធភាពចាកចេញទៅរកស៊ីអ្វីនៅភូមិស្រុកដទៃ ទើបពួកគាត់សម្រេចចិត្តនាំគ្នាកាប់គាស់រ៉ែងដីសំណល់រ៉ែ ដើម្បីបានចំណូលផ្គត់ផ្គង់គ្រួសារ ។ លោក ស៊ុន គីមស្រ៊ាន បានបន្តថា ដើម្បីបានអង្កច្រកឆ្នាំងអ្នកភូមិបាននាំគ្នាកាប់ដីរែងរករ៉ែមាសបានបន្តិចបន្តួច ដ្បិតតដីសំណល់នេះ ត្រូវបានគេកែច្នៃរួចម្តងទៅហើយ តែជាអកុសល ការខិតខំរកកម្រៃរបស់ពួកគាត់សម្រាប់ចិញ្ចឹមគ្រួសារ គឺត្រូវបានបង្ក្រាបជាបន្តបន្ទាប់ពីមន្ត្រីជំនាញពាក់ព័ន្ធ ហើយអ្នកភូមិខ្លះ ត្រូវបានមន្ទីរបរិស្ថានខេត្តឃាត់ខ្លួនបញ្ជូនទៅតុលាការផងដែរ។ បើនៅតែបែបនេះ តើពួកគាត់រំពឹងអ្វី0x017d7 ព្រោះជុំវិញ ភូមិឋានដែលពួកគាត់រស់នៅនេះ សុទ្ធតែដីអភិរក្សសត្វព្រៃ និងដីក្រុមហ៊ុនរ៉ែមាសធំៗ ចឹងពួកគាត់សុំតែរស់នៅអាចធ្វើរបរលក្ខណៈគ្រួសារ ។ លោកតា អ៊ុត សំ ព្រឹទ្ធាចារ្យរស់នៅឃុំចុងផ្លាស់តាំងពីជំនាន់បែកសម័យប៉ុល ពត មានប្រសាសន៍ថា អ្នកភូមិរស់នៅនេះស្ទើរ១០០%ហើយ ដែលបានអាស្រ័យជីវិតជាមួយរបររែងរកមាស ។ Read more