រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបសំណេះសំណាល អ្នកសារព័ត៌មាន ដែលធ្វើសេចក្តីរាយការណ៍ពេលយប់ ដើម្បីតម្រង់ទិសការអនុវត្តក្រមសីលធម៌ និងពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន
នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានដែលបំពេញការងាររាយការណ៍ពេលយប់ក្នុងរាជធានីភ្នំពេញ និងតាមខេត្តនានា ដើម្បីណែនាំ និងលើកទឹកចិត្តឱ្យអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន។ ជំនួបនេះបានចាត់ចែងនៅសាលមណ្ឌលណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងជាច្រើនរូប។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកឲ្យអ្នកសារព័ត៌មានគ្រប់រូប ត្រូវប្រកាន់ខ្ជាប់លើ ការពិត និងប្រភពច្បាស់លាស់ នៅពេលផ្សព្វផ្សាយព័ត៌មាន ដើម្បីជៀសវាងហានិភ័យនៃការផ្សព្វផ្សាយព័ត៌មានខ្វះការផ្ទៀងផ្ទាត់។ ឯកឧត្តមបានសូមឲ្យអ្នកសារព័ត៌មាន ទប់ស្កាត់ការផ្សព្វផ្សាយរូបភាព និងវីដេអូមានលក្ខណៈហិង្សាខ្លាំង ឬអាសអាភាស ដែលអាចប៉ះពាល់ដល់អារម្មណ៍សាធារណជន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា អ្នកសារព័ត៌មាន មិនមែនជាមន្ត្រីនគរបាល ឬតុលាការ ហើយមិនមានសិទ្ធិកាត់សេចក្តីថាបុគ្គលណាមានកំហុស ឬត្រូវទេ។ ដូច្នេះ មុនផ្សព្វផ្សាយព័ត៌មានណាមួយ ត្រូវផ្អែកលើការពិតប្រកបដោយការទទួលខុសត្រូវ។ បន្ថែមទៀត ឯកឧត្តមបានណែនាំមិនឱ្យធ្វើបទសម្ភាស ឬផ្សព្វផ្សាយចំពោះជនដែល ស្រវឹង, បាត់បង់ស្មារតី, ឬ សង្ស័យប្រើប្រាស់គ្រឿងញៀន ព្រោះអាចបណ្តាលឱ្យកើតផលវិបាកលើអត្តសញ្ញាណ និងសិទ្ធិតាមច្បាប់របស់បុគ្គលទាំងនោះ។ នៅចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានដែលបានបំពេញការងារដោយវិជ្ជាជីវៈ និងសូមអំពាវនាវឱ្យម្ចាស់មេឃ្យផ្សព្វផ្សាយលើកទឹកចិត្តការផលិតខ្លឹមសារដែលមានគុណភាព ឱ្យអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានជំនឿទុកចិត្តពីសាធារណជន៕










