លោក ដូ​ណា​ល់​ ត្រាំ ថាចាប់ពី​ពេល​នេះ​តទៅ នឹង​យកចិត្តទុកដាក់​ជាមួយ​កម្ពុជា កសាង​វិបុលភាព សម្រាប់ ប្រជាជាតិ​ដ៏​អស្ចារ្យ នៃ​ប្រទេស​ទាំង​ពីរ

ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​គូសបញ្ជាក់​ប្រាប់​ថ្នាក់ដឹកនាំ​កម្ពុជា យ៉ាង​ដូច្នេះ​ថា ៖ ចាប់ពី​ពេល​នេះ​តទៅ យើង​អាច​ផ្តោត​ការ​យកចិត្តទុកដាក់​ជាមួយ​គ្នា លើ​ការ​កសាង​វិបុលភាព សម្រាប់ ប្រជាជាតិ​ដ៏​អស្ចារ្យ​របស់​យើង​ទាំង​ពីរ​” ។ យោង​តាម​លិខិត​មួយ​ច្បាប់​របស់​លោក ដូ ណា​ល់​ត្រាំ ផ្ញើ​ជូន​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០២៥ របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald J. Trump បាន​សរសេរ​ថា ៖ ខ្ញុំ​សូម​អរគុណ ចំពោះ​លិខិត​ដ៏​កក់ក្តៅ​របស់​ឯកឧត្តម និង​ជា​ពិសេស ការ​ស្នើ​រូប​ខ្ញុំ សម្រាប់​ពានរង្វាន់ ណូបែល​សន្តិភាព​។ ខ្ញុំ​មាន​កិត្តិយស​ក្រៃ​លែង ដែល​បាន​សន្ទនា​ជាមួយ​ឯកឧត្តម ដើម្បី​រួមចំណែក​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ ជាមួយ​ប្រទេស​ថៃ​។ ប្រទេស​កម្ពុជា មាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដ៏​យូរអង្វែង និង​សម្បូណ៌​បែប​។ ខ្ញុំ​ជឿជាក់​ថា ឯកឧត្តម​ជា​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម​មួយ​រូប ដែល​ផ្តល់​តម្លៃ​លើ​ជីវិត​មនុស្ស និង​ស្រឡាញ់ សន្តិភាព​។ លិខិត​បាន​បញ្ជាក់​ថា ៖ “​ខ្ញុំ​ពិតជា​មាន​មោទនភាព ដែល​បាន​ចូលរួម​ជា​ផ្នែក​មួយ នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដែល​បាន​បញ្ចប់​នូវ​សោកនាដកម្ម នៃ​ជម្លោះ​ប្រដាប់​អាវុធ និង​បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​។ ចាប់ពី​ពេល​នេះ​តទៅ យើង​អាច​ផ្តោត​ការ​យកចិត្តទុកដាក់​ជាមួយ​គ្នា​លើ​ការ​កសាង​វិបុលភាព សម្រាប់ ប្រជាជាតិ​ដ៏​អស្ចារ្យ​របស់​យើង​ទាំង​ពីរ​” ៕

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប១៤៦៧២០នាក់ ថ្នាក់វិទ្យាសាស្ត្រ៤០៦៧៨នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គម១០៦០៤២នាក់

ក្រសួងអប់រំ យុវជន និងកីឡា ការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានកាលបរិច្ឆេទសំខាន់ៗដូចខាងក្រោម៖ * ដំណើរការសរសេរ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥* ដំណើរការកំណែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥* ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥* ដំណើការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥* ក្រសួងកំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ Read more

មេបញ្ជាការភូមិភាគ៤កម្ពុជា និងមេបញ្ជាការភូមិភាគ២ថៃ ជួបប្រជុំជាមួយគ្នានៅច្រកទ្វារព្រំដែនអន្ដរជាតិជាំ ខេត្តឧត្តរមានជ័យ

ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលធ្វើឡើងរវាងមេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា ជាមួយមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ បានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្ដរជាតិជាំ ខេត្តឧត្តរមានជ័យ។ ក្រសួងការពារជាតិ ប្រកាសពី លទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈ ប្រតិភូថៃដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានចាប់ផ្តើមនៅម៉ោង១១៖០០នាទីព្រឹក និងបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១៖៥៣នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ Read more

ក្រុមអ្នកសង្កេតការណ៍អន្ដរកាល IOT ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ី ចុះពិនិត្យជាក់ស្ដែងនៅភូមិជោគជ័យ ទីដែលទាហានថៃរាយបន្លាលួសយកដី និងផ្ទះពលរដ្ឋកម្ពុជា

ក្រុមអ្នកសង្កេតការណ៍អន្ដរកាល (IOT) ចំនួន៥ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ីប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅពិនិត្យជាក់ស្ដែងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីដែលកម្លាំងទាហានថៃ បានចូលមកឡោមព័ទ្ធ និងរាយលួសបន្លាយកដី ព្រមទាំងផ្ទះប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ។ ក្នុងពេលចុះពិនិត្យជាក់ស្ដែង នៅទីតាំងដែលទាហានថៃឈ្លានពានព័ទ្ធលួសបន្លាយកដី និងផ្ទះប្រជាពលរដ្ឋកម្ពុជានោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ បានធ្វើការពន្យល់ និងរៀបរាប់បញ្ជាក់លម្អិតអំពីបញ្ហាដែលបានកើតឡើង ដែលបង្កដោយក្រុមទាហានថៃ មកលើប្រជាពលរដ្ឋកម្ពុជា រហូតធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាខឹងសម្បា និងផ្ទុះការតវ៉ាទៅកាន់ក្រុមទាហានថៃ។ កងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី បានចូលមករាយលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ដ្រទល់មុខភូមិណងចាន់ ឃុំខកសុខ ខេត្តស្រះកែវ ប្រទេសថៃ។ បន្ទាប់មកនៅវេលាម៉ោង១៥៖១៤នាទីរសៀល កងកម្លាំងថៃ បានធ្វើសកម្មភាពជាថ្មីបម្រុងយកបន្លាលួសមករាយម្ដងទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀត ធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា រហូតដល់កងកម្លាំងថៃ យកបន្លាលួសរបស់ខ្លួនចូលត្រឡប់ទៅវិញ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែសីហា Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់រថយន្តជាង៤០គ្រឿង ដល់អង្គភាពចំណុះក្រសួងមហាផ្ទៃ

មានរថយន្តថ្មីសន្លាង ប្រភេទ១៥កៅអី ចំនួន៤៥គ្រឿង ទៀតហើយ ត្រូវបាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូនអង្គភាពចំណុះក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ។ ក៏មិនខុសពីលើកមុនៗដែរ រថយន្តដែលប្រមុខក្រសួងមហាផ្ទៃផ្ដល់ជូនអង្គភាពចំណុះ ទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងរថយន្ត៤៥គ្រឿងនេះ គឺក្នុងគោលដៅសម្រួលដល់ការបំពេញតួនាទីភារកិច្ចរបស់មន្ត្រីស្របតាមតម្រូវការចាំបាច់របស់អង្គភាពនីមួយៗ។ អង្គភាពដែលបានទទួលរថយន្តនាឱកាសនេះ មានជាអាទិ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គាធិការដ្ឋាន នាយកដ្ឋានអង្គរក្ស និងអង្គភាពអន្តរាគមន៍ ជាដើម។ កាលពីខែកក្កដាកន្លងទៅ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ទើបតែបានប្រគល់ម៉ូតូ១០គ្រឿង អាវភ្លៀង ចំនួន១០០០ឈុត និងសម្ភារៈចាំបាច់មួយចំនួនទៀតដល់កម្លាំងនគរបាលវរការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

រដ្ឋបាលខេត្តបន្ទាយមានជ័យកម្ពុជា បារម្ភពី​ដែនអធិបតេយ្យខ្លួន ក្រោយអាជ្ញាធរ​ខេត្តស្រះកែវថៃ ចង់ចេញប័ណ្ណកម្មសិទ្ធិដី​​​​ នៅ​ជាប់នឹង​ភូមិជោគជ័យ

បន្ទាប់ពីអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានសន្យាចេញប័ណ្ណកម្មសិទ្ធិដីធ្លី​ដល់ពលរដ្ឋរបស់ពួកគេ​ដែលរស់នៅជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។​ ជុំ​វិញ​រឿងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញការព្រួយបារម្ភថា ភាគីថៃ អាចចេញ​ប័ណ្ណ​កម្មសិទ្ធិមិនត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់ដែនអធិបតេយ្យកម្ពុជា។ កាលពីថ្ងៃទី២៤ ខែសីហា កាសែតក្នុងស្រុកថៃ The Nation Thailand បានចុះផ្សាយថា​ អាជ្ញាធរ​ខេត្តស្រះកែវ សន្យាចេញប័ណ្ណកម្មសិទ្ធិ ជូនពលរដ្ឋថៃ ដែលមានសិទ្ធិ នៅភូមិ Nong Chan ស្រុក Khok Sung ដែលមានភូមិសាស្ត្រជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុ​ក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។  ក្នុងករណីការចេញប័ណ្ណនេះធ្វើឱ្យប៉ះពាល់ដល់តំបន់ទាំងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹង​ជំទាស់ភ្លាម ព្រោះថាសកម្មភាពនេះ គឺរំលោភលើស្មារតី MOU ឆ្នាំ២០០០ រវាងរដ្ឋាភិ​បាល​នៃប្រទេសទាំងពីរ ជាពិសេសប៉ះពាល់ទៅដល់ ដំណើរការការងារចរចា និងខណ្ឌ​សីមា​របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។  ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី បន្តស្នើឱ្យភាគីថៃចូលរួមសហការក្នុងស្មារតីមិត្តភាព និងភាព​ជាអ្នកជិតខាងល្អ ជៀសវាងបង្កើតភាពតានតឹង និងផលប៉ះពាល់ជាអវិជ្ជមាន​រវាងភាគី​ទាំង​ពីរ៕  ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ

រដ្ឋសភា បានពិភាក្សា និងអនុម័តវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដោយសំឡេង ១២០លើ ១២០ ដើម្បីដកសញ្ជាតិពីជនក្បត់ជាតិ

វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ​ប្រកបដោយចីរភាព ត្រូវបានសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំសម័យប្រជុំបន្តរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២៥ ខែសីហានេះ ដើម្បីពិភាក្សា និងអនុម័ត ដែលមានកូរ៉ុម សមាជិកសមាជិការដ្ឋសភាចំនួន ១២០ រូប។ សម័យប្រជុំរដ្ឋសភា បានពិភាក្សា និងអនុម័តលើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដោយមានសំឡេងគាំទ្រ ជាឯកច្ឆ័ន្ទ គឺ ១២០/១២០សំឡេង បន្ទាប់ពីតំណាងរាជរដ្ឋាភិបាល បានការពារវិសោធនកម្មច្បាប់នៅចំពោះសម័យប្រជុំពេញអង្គរដ្ឋសភា ។ យោងតាមសេចក្តីថ្លែងហេតុ កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៥ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនសម្តេចប្រធានរដ្ឋសភា ដោយផ្អែកតាមមាត្រា១៥៣ថ្មីនៃរដ្ឋធម្មនុញ្ញនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាមសេចក្តីស្នើសុំរបស់តំណាងរាស្ត្រទាំង១២៥រូប បានផ្តើមគំនិតរួមគ្នាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ជាមូល ដ្ឋានគតិយុត្តអនុញ្ញាតឱ្យមានការដកសញ្ជាតិខ្មែរ ដើម្បីបន្សុទ្ធនូវទឹកចិត្តស្នេហា ជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ក្នុងគោលដៅលើកកម្ពស់ឧត្តមគតិជាតិ មនសិការស្នេហាជាតិ និងភាពស្មោះត្រង់ដោយភាពស្ម័គ្រស្មោះ ការពារជាតិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចំពោះជាតិ មាតុភូមិនិងប្រជា ជន កម្ពុជា Read more

កិច្ចប្រជុំថ្នាក់ភូមិភាគកម្ពុជា-ថៃសម្រេចពង្រឹងទំនាក់ទំនងបន្ថែមទៀត និងខិតខំដោះស្រាយបញ្ហាដោយសន្តិវិធី ជៀសវាងប៉ះទង្គិចគ្នា

អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា  លទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានសម្រេចពង្រឹងទំនាក់ទំនងគ្នាបន្ថែមទៀតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា ។ យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិបានឲ្យដឹងថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)នេះ ភាគីកម្ពុជាដឹកនាំគណៈប្រតិភូដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការ បញ្ជាការដ្ឋានការពារ ព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)  បានចាប់ផ្តើមនៅម៉ោង១០ និង៣០នាទីព្រឹក និងបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំ រវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ក្នុងនោះដែរ ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាង ជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក Read more

សត្វដំរីញីដ៏ល្បី ឈ្មោះ«ឡាក់គី»បានងាប់ហើយ បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗ ទោះក្រុមពេទ្យសត្វបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតក៏ដោយ

យោងតាមការឱ្យដឹងពី រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សត្វដំរីញីឈ្មោះ«ឡាក់គី» បានងាប់ហើយនៅព្រឹកថ្ងៃអាទិត្យទី២៤ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រនេះ ទោះក្រុមពេទ្យសត្វរបបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន។ លោកទ្រី ស៊ីថេង ដែលជាហ្មរបស់ឡាក់គី បានបន្តជួយថែទាំ«ឡាក់គី»បើទោះបីជាបានចាកចេញពី អង្គការ​Wildlife Alliance ហើយក៏មានវត្តមាននៅជាប់ជាមួយឡាក់គី នៅពេលមានអាការៈជំងឺផងដែរ។ រដ្ឋបាលព្រៃឈើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកថែទាំ ពេទ្យសត្វ និងបុគ្គលិកទាំងអស់នៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ជាពិសេស លោក ទ្រី ស៊ីថេង ដែលប្រៀបដូចជាឪពុកដែលបានផ្តល់ក្តីស្រឡាញ់ និងការថែទាំ«ឡាក់គី» ប្រកបដោយវិជ្ជាជីវៈយ៉ាងខ្ជាប់ខ្ជួនពេញមួយជីវិត។ រដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា សម្រាប់រយៈពេលជាង ២៦ឆ្នាំនៃការចិញ្ចឹមបីបាច់ថែរក្សានៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដំរី «ឡាក់គី» បានវិវត្តពីកូនដំរីតូចមួយ ទៅជានិមិត្តរូបនៃភាពអង់អាច ភាពទន់ភ្លន់ និងបានបំផុសគំនិតឱ្យសាធារណជនមានការស្រឡាញ់ និងការលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពដំរី និងការអភិរក្សសត្វព្រៃ។ រដ្ឋបាលព្រៃឈើនៅតែបន្តប្តេជ្ញាការពារ និងថែរក្សាសត្វព្រៃនៅកម្ពុជា និងអំពាវនាវដល់សាធារណជនទាំងអស់ បន្តចូលរួមគាំទ្រកិច្ចការអភិរក្សសត្វព្រៃ និងការងារថែទាំសត្វនៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ដើម្បីជំរុញការយកចិត្តទុកដាក់លើធនធានសត្វព្រៃឱ្យបានដូចដំរី«ឡាក់គី»ក្នុងពេលកន្លងមក៕

ពលរដ្ឋខេត្ដសៀមរាបរាប់រយនាក់ ដង្ហែក្បួនទាមទាឱ្យរដ្ឋាភិបាលថៃគោរពបទឈប់បាញ់ និងត្រូវដោះលែងយោធាទាំង១៨រូបត្រលប់មកកម្ពុជាវិញ

ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥​ បាននាំគ្នាដើរដង្ហែក្បួនតាមបណ្ដាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ដើម្បីអំពាវនាវដល់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ជំរុញរដ្ឋាភិបាលថៃឱ្យដោះលែងយោធាកម្ពុជាចំនួន១៨រូប ដែលទាហានថៃបានចាប់ខ្លួនក្រោយបទឈប់បាញ់ ឱ្យពួកគាត់ត្រលប់មកផ្ទះសម្បែងជួបជុំក្រុមគ្រួសារវិញ។  យោងតាមការឱ្យដឹងពីពលរដ្ឋនៅខេត្ដសៀមរាប​ បានឱ្យដឹងថា ការចាប់ខ្លួនយោធាខ្មែរដោយខុសច្បាប់ពីសំណាក់ទាហានថៃនេះ ជាការប្រមាថ និងមិនគោរពបទឈប់បាញ់ដែលមានការចូលរួមអន្ដរាគមន៍ពីប្រទេសសហរដ្ឋអាម៉េរិក ប្រជាមានិតចិន និងប្រទេសម៉ាឡេស៊ី។ ដូច្នេះរដ្ឋាភិបាលថៃដោះលែងវីរកងទ័ពដែលបានចាប់ខ្លួនត្រលប់មកកម្ពុជាវិញ។ ប្រជាពលរដ្ឋក៏បានអំពាវនាវដល់រដ្ឋាភិបាលថៃគោរពឱ្យបានជាដាច់ខាតនូវបទឈប់បាញ់ និងគោរពឱ្យបាននូវច្បាប់អន្ដរជាតិ ដែលថៃបានប្រើប្រាស់នូវអាវុធដែលជាឧក្រិដ្ឋកម្មនៃសង្រ្គាម ដែលមានដូចជា F16 BM84 និងផ្សែងពុល ប្រើប្រាស់នូវយុទ្ធបករណ៍ និងឱ្យរាជរដ្ឋាភិបាលថៃបញ្ឈប់ជាបន្ទាន់។ ពលរដ្ឋក្នុងខេត្ដសៀមរាបក៏បានអំពាវនាវដល់ពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសជឿជាក់ និងទុកចិត្ដលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន។ រាជរដ្ឋាភិបាលបានប្រើយុទ្ធសាស្រ្ដចាស់ទុំតាមរយៈនយោបាយកាទូតដែលជាកម្លាំងវិជ្ជមាន ដែលបង្ហាញដល់អន្ដរជាតិឱ្យដឹងពីភាពខ្លាំងរបស់កម្ពុជា​ និងបង្ហាញថាកម្ពុជាចង់បានសន្តិភាព៕

ក្រសួង​មហាផ្ទៃ​ប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារឆ្នាំ២០២៥ ជ្រើសយក៧២នាក់ក្នុង​ចំណោម​បេក្ខជន២៥០នាក់

គណៈកម្មការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥បានដំណើរការប្រឡងនៅព្រឹកថ្ងៃទី២៤សីហាឆ្នាំ២០២៥នេះ នៅ «មណ្ឌលប្រឡងវិទ្យាល័យជា ស៊ីម សន្ធរម៉ុក »ជាមួយនិងបេក្ខជនប្រឡងចំនួន២៥០នាក់ មានបេក្ខនារី៧៨នាក់ដោយត្រូវជ្រើសរើសយកចំនួន៧២នាក់ក្នុងនោះ វេជ្ជបណ្ឌិត២៩នាក់ វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី ចំនួន ៥ នាក់,គិលានុបដ្ឋាកចំនួន៣៨នាក់។ការប្រឡងនេះធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡងចែកចេញជា២ក្រុម ដោយក្រុមទី១ឯកឧត្ដម សន្តិបណ្ឌិត.ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក​កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្រុមទី២ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ និងលោកហុក ហួលីម នាយករដ្ឋបាលសាលារាជធានីភ្នំពេញរួមនឹងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀត។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា  ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ មានផ្នែកជំនាញសុខាភិបាល ចំនួន៧២នាក់ (ឋានន្តរស័ក្តិវរអគ្គានុរក្ស ថ្នាក់លេខ៣) សម្រាប់បម្រើការងារនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តក្នុងនោះសម្រាប់រាជធានីភ្នំពេញចំនួន៨នាក់។ ចំពោះការប្រលងនេះបេក្ខជនត្រូវបានអនុវត្ត ដោយមិនត្រូវលួចចម្លង ឬមានបំណងលួចចម្លង,មិនត្រូវពិភាក្សា ឬចម្លងគ្នា,មិនត្រូវយកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង,ហាមយកតាម និងប្រើប្រាស់ទូរស័ព្ទ វិទ្យុទាក់ទងគ្រប់ប្រភេទ និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទដែលអាចផ្ទុកឯកសារបាន ចូលក្នុងបន្ទប់ប្រឡង។ ក្នុងករណីមេប្រយោគ ឬ អនុរក្សឆែករកឃើញ បេក្ខជននឹងត្រូវបណ្ដេញចេញពីបន្ទប់ប្រឡង។ មិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស ឬសរសេរកិច្ចការជំនួសនៅលើសន្លឹកកិច្ចការរបស់ខ្លួន,មិនត្រូវគូសសញ្ញាសំគាល់នៅលើសន្លឹកកិច្ចការ,មិនត្រូវធ្វើសកម្មភាពណាដែលនាំឲ្យចលាចលក្នុងមណ្ឌលប្រឡង ,ហាមដាច់ខាតចំពោះការសេពគ្រឿងស្រវឹង និងជក់បារីនៅក្នុងបរិវេណមណ្ឌលប្រឡង ។ រាល់ការប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិខាងលើ បេក្ខជនត្រូវប្រឈមនឹងការបញ្ឈប់មិនឲ្យប្រឡង ហើយ សន្លឹកកិច្ចការរបស់បេក្ខជននោះនឹងត្រូវបានពិន្ទុសូន្យ និងទទួលកម្រិតវិន័យផ្សេងៗទៀតដែលត្រូវបានកំណត់ Read more

សាច់បង្កកនិងទំនិញចម្រុះចាប់ហួយរាប់សិបតោន ឆ្លងអូរព្រំដែនពីប្រទេសថៃ ចូលកម្ពុជាក្បែរច្រកតំបន់ម៉ាឡៃ ត្រូវបានសមត្ថកិច្ចបង្ក្រាប

ទំនិញរាប់សិបតោនមានសាច់បង្កកនិងទំនិញចាប់ហូយនាំចូលពីប្រទេសថៃឆ្លងអូរព្រំដែនខាងជើងច្រកតំបន់ម៉ាឡៃចំណុច ភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យត្រូវបានអាជ្ញាធរសមត្ថកិច្ចចម្រុះចុះបង្រ្កាប និង ឃាត់ខ្លួនជនពាក់ព័ន្ធជាម្ចាស់ទីតាំងម្នាក់និងរថយន្តមួយគ្រឿង កាលពីរសៀលថ្ងៃទី២២ សីហា ២០២៥។ តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោមការដឹកនាំរបស់អភិបាលរងខេត្តបន្ទាយមានជ័យលោកស្វាយ ជា អភិបាលស្រុកម៉ាឡៃនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបងខេត្តបន្ទាយមានជ័យបានចុះបង្រ្កាបករណីជួញដូរនាំទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមការឆ្លងកាត់អូរព្រំដែនចំណុចក្រោយផ្ទះពលរដ្ឋដែលរស់នៅជាប់អូរព្រំដែនហើយយកមកស្តុបទុកនៅនឹងផ្ទះរបស់ឈ្មោះឃុន អឿន ភេទប្រុស អាយុ៣៩ឆ្នាំ ស្ថិតនៅក្នុងភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។ សមត្ថកិច្ចពុំបានបញ្ជាក់លំអិតអំពីមុខទំនិញទេដោយគ្រាន់តែប្រាប់ថា មានជាប្រភេទសាច់បង្កកជាសាច់មាន់ ស្លាបមាន់ ប្រហិត ថ្នាំដុសធ្មេញ ប្រេងកូឡា ព្រមទាំងទំនិញចាប់ហួយជាច្រើនមុខទៀតសរុបទាំងអស់ចំនួនបីរថយន្តធំ។ ទំនិញទាំងអស់ខាងលើ បើតាមប្រភពនានាបានឱ្យដឹងថា ត្រូវបានឈ្មួញនាំចូលជាប្រចាំតាំងពីថៃប្រកាសបិទច្រកព្រំដែន។ មិនត្រឹមតែមានទំនិញនាំចូលទេ ក៏មានការនាំចេញជាទំនិញបារីនិងមនុស្សជាពលករខ្មែរថៃឆ្លងដែនចេញចូលស្ទើររាល់ថៃដោយមិនថា សមត្ថកិច្ចកម្ពុជា ឬ ថៃទេតែបង្ក្រាបបានជាបន្តបន្ទាប់ចំពោះព្រំដែនស្រុកម៉ាឡៃនេះ។ ក្រោយការបង្ក្រាបសមត្ថកិច្ចបានឱ្យម្ចាស់ផ្ទះឈ្មោះឃុន អឿន ធ្វើកិច្ចសន្យាឈប់ជួលទីតាំងដាក់ទំនិញទៀតនិងនាំខ្លួនជាមួយរថយន្តអាសុីណាពណ៌សមួយគ្រឿង និង ទំនិញទាំងអស់យកទៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ៕

សម្តេចតេជោ បានបោះចោលសញ្ញាបត្រទាំង៣សាលារបស់ថៃអស់យូរហើយ ព្រោះវាគ្មានតម្លៃសោះឡើយ

សម្តេចតេជោ ហ៊ុន សែន បានបោះចោលសញ្ញាបត្រទាំង៣សាលារបស់ថៃអស់យូរហើយ ព្រោះវាគ្មានតម្លៃសោះឡើយ ខណៈខួរក្បាល និងចំណេះដឹងរបស់សម្ដេចមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ។ យោងតាមបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី២២ ឆ្នាំ២០២៥ ដោយបានបញ្ជាក់ថា ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃអ្វីដែលខ្ញុំត្រូវរក្សាទុក! ថ្ងៃនេះឃើញថាសាលាមួយទៀតរបស់ថៃប្រកាសដកហូតសញ្ញាបត្រពីខ្ញុំ សូមបញ្ជាក់ទៅវិញថា សញ្ញាបត្រទាំង៣សាលារបស់ថៃដែលធ្លាប់ប្រគល់ឲ្យខ្ញុំ ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃសោះឡើយសម្រាប់ខ្ញុំរក្សាទុក! ។ សម្ដេចតេជោបានបញ្ជាក់ថា សាលាទីមួយ ទទួលនៅឆ្នាំ២០០១​ សាលាទី២ទទួលនៅឆ្នាំ២០០៦ និងសាលាទី៣ ទទួលនៅឆ្នាំ២០១៩ ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសមួយសន្លឹករបស់អ្នកនោះឡើយ។ សម្ដេចតេជោអះអាងថា ខួរក្បាល និងចំណេះដឹងរបស់ខ្ញុំមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ប្រជាជនកម្ពុជា និងសាលារៀនរបស់កម្ពុជា គឺជាអ្នកបង្រៀនខ្ញុំ។ សម្ដេចតេជោគួរតែប្រាប់ពួកអ្នកវិញថា បើពិនិត្យពីពេលវេលាដែលពួកអ្នកសុំប្រគល់សញ្ញាបត្រឲ្យខ្ញុំ (ខ្ញុំអត់បានស្នើសុំពីពួកអ្នកទេ) និងពេលវេលាដែលខ្ញុំកាន់តំណែងក្នុងកិច្ចការជាតិ សញ្ញាបត្ររបស់អ្នកគ្មានជួយអ្វីដល់ខ្ញុំទេ ព្រោះសញ្ញាបត្របានផ្តល់ឲ្យខ្ញុំក្រោយ ជោគជ័យរបស់ខ្ញុំដែលមានកំណត់ត្រាដូចខាងក្រោម៖ ឆ្នាំ១៩៧៩ អាយុ២៧ឆ្នាំ ជារដ្ឋមន្រីក្រសួងការបរទេស។ ឆ្នាំ១៩៨១ អាយុ២៩ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងឆ្នាំ១៩៨៥ អាយុ៣២ឆ្នាំ ជានាយករដ្ឋមន្ត្រី។ សម្ដេចតេជោគិតថាពួកអ្នកនឹងមានការអៀនខ្មាស់ ប្រសិនបើពួកអ្នកពិនិត្យឡើងវិញនូវការវាយតម្លៃរបស់ពួកអ្នកលើគុណសម្បត្តិរបស់ខ្ញុំ នៅពេលអ្នកសុំខ្ញុំឲ្យទទួលសញ្ញាបត្ររបស់អ្នក។ ខ្ញុំនឹងឲ្យខុទ្ទកាល័យរបស់ខ្ញុំផ្សព្វផ្សាយអំពីការវាយតម្លៃរបស់ពួកអ្នកមកលើគុណសម្បត្តិរបស់ខ្ញុំ ក្នុងគោលបំណងកុំឲ្យពួកអ្នកភ្លេច។ Read more

តំណាងស្ថានទូតចំនួន៤២ប្រទេស និងអង្គការអន្តរជាតិចំនួន២០ បានចុះពិនិត្យសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ ក្នុងឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ

ក្រុមតំណាងស្ថានទូតបរទេសចំនួន៤២ និងអង្គការអន្តរជាតិចំនួន២០ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានចុះទៅដល់ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន។ ដំណើរចុះពិនិត្យមើលសកម្មភាពជាក់ស្តែងនៃការអនុវត្តបទឈប់បាញ់របស់ គណៈប្រតិភូបណ្តាអង្គទូតប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាលនេះ ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ បេសកកម្មនេះ ធ្វើឡើងក្រោយពេលដែល ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីនជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាទាំងនោះ។ កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីកងទ័ពប្រទេសទាំងពីរបានប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ នៅព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយសារតែភាគីថៃបានបំពានលើដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងបានបើកការវាយប្រហារមុន។ ក្រោយបទឈប់បាញ់នេះ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជា-ថៃ ក៏បានចុះកិច្ចព្រមព្រៀង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញ GBC នៅប្រទេសម៉ាឡេស៊ីថែមទៀត៕

កម្ពុជា-ថៃ រៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) នៅខេត្តស្រះកែវ ប្រទេសថៃ

លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង១១:១៥នាទីព្រឹកថ្ងៃដដែល ដោយភាគីកម្ពុជា និងថៃបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរយៈពេលមួយខែក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕