តំណាងអយ្យការសម្រេចឃុំខ្លួនជនសង្ស័យ អតីត PMផ្កាយ១ ឈឹម ឆែម ដាក់ពន្ធនាគារបណ្តោះអាសន្ន រង់ចាំបើកសវនាការជំនុំជម្រះលើអង្គហេតុ
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា សំណុំរឿងអតីតផ្កាយ១ គឺឧត្តមសេនីយ៍ត្រី ឈឹម ឆែម ពាក់ព័ន្ធនឹងករណីបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រើអំពើហិង្សាលើស្ត្រីម្នាក់បណ្តាលឲ្យមានរបួស តំណាងអយ្យការបើកការស៊ើបសួររួចរាល់ហើយ ដោយបានធ្វើការចោទប្រកាន់ជាផ្លូវការពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។ ក្រោយពីបញ្ចប់ការស៊ើបសួរសំណុំរឿងខាងលើនោះ តំណាងអយ្យការបានចាត់បញ្ជូនទៅចៅក្រម ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោសលើអង្គហេតុទាំងមូល ។ បើយោងតាមការចោទប្រកាន់លើបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មាត្រា ២១៨ ៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានទៅ ១០លានរៀល ។ ១-ដោយការគិតទុកជាមុន ។ ២-ដោយប្រើអាវុធ ឬគំរាមកំហែងដោយអាវុធ ។ ៣-ដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត។ សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥កន្លងទៅ លោកឧត្តមសេនីយ៍ត្រី អេងហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កម្លាំងអាវុធហត្ថសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនឧត្តមសេនីយ៍ត្រី ឈឹម ឆែម មុខងារជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រើអំពើហិង្សាលើស្ត្រីម្នាក់ Read more










