ថ្នាក់ដឹកនាំប្រទេសវៀតណាមឯកភាពលើសំណើសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមយន្តការកិច្ចប្រជុំ៣+៣ ដើម្បីជំរុញទំនាក់ទំនងកម្ពុជា-វៀតណាមកាន់តែរីកចម្រើន
ភ្នំពេញ៖ ក្នុងទិសដៅជំរុញទំនាក់ទំនងកម្ពុជា-វៀតណាមឱ្យកាន់តែរីកចម្រើនឥតឈប់ឈរថ្នាក់ដឹកនាំទាំងពីរ កម្ពុជា-វៀតណាម គាំទ្របន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងបានឯកភាពលើសំណើរបស់សម្តេចតេជោចំពោះគំនិតផ្តួចផ្តើមយន្តការកិច្ចប្រជុំ៣+៣ ដែលជាកិច្ចប្រជុំកំពូលកម្ពុជា-វៀតណាម-ឡាវ ដោយមានការចូលរួមរបស់ប្រធានគណបក្សទាំងបី ប្រធានសភាទាំង៣ និងនាយករដ្ឋមន្ត្រីទាំង៣។ នេះជាការបញ្ជាក់របស់សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចូលរួមខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា នៅក្នុងឱកាសទស្សនកិច្ចសម្ដេចតេជោបានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។ នៅក្នុងជំនួបខាងលើ សម្តេចតេជោបានសម្តែងនូវអំណរសាទរយ៉ាងកក់ក្ដៅបំផុតចំពោះការប្រារព្ធទិវាជាប្រវត្តិសាស្ត្ររបស់វៀតណាម។ ហើយក្នុងគ្រានោះដែរ ថ្នាក់ដឹកនាំវៀតណាមក៏បានរម្លឹកអំពីការរួមចំណែកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់កម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រ និងជ្រោមជ្រែងដល់កងទ័ព និងប្រជាជនវៀតណាមក្នុងបុព្វហេតុរំដោះ និងបង្រួបបង្រួមជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាមសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងក្នុងការរក្សាសន្តិភាព ការកសាងនិងអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យដូចបច្ចុប្បន្ន។ សេចក្ដីប្រកាសដដែលបានគូសបញ្ជាក់ទៀតថា ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦ និងការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មឱ្យដល់គោលដៅ២០ពាន់លានដុល្លារអាម៉េរិកនាពេលប៉ុន្មានឆ្នាំដ៏ខ្លីខាងមុខនេះ។ ក្រៅពីនេះក៏មានកិច្ចសហការលើវិស័យសំខាន់ៗផ្សេងទៀត រួមមាន៖ ការពារជាតិ សន្តិសុខ វិនិយោគ ថាមពល បច្ចេកវិទ្យា សុខាភិបាល អប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ Read more