កម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់រួមនឹងគ្រឿងញៀនជិត៤គីឡូក្រាម នៅស្រុកពាមរក៍
ព្រៃវែង៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបនិងឃាត់ខ្លួនរួមនឹងគ្រឿងញៀនជិត៤គីឡូក្រាម និងដកហូតបានឧបករណ៍ ហើយនិងសម្ភារជាច្រើនទៀត នៅស្រុកពាមរក៍ ខេត្តព្រៃវែង។បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ យោងតាមសមត្ថកិច្ចបានឲ្យដឹងថាការបង្ក្រាបនេះបានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែងនៅវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្រ្កាបបទល្មើសគ្រឿងញៀន ចំណុចមុខសាលាឃុំអ្នកលឿង ស្ថិតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ប្រភពបានបន្តទៀតថាក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ ឃុន សីហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិសន្លូង ឃុំសន្លូង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងឈ្មោះ ឌុច ចន្តា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ Read more