អ្នកនាំពាក្យ ដាក់ចំៗចំពោះករណីអនុវត្តច្បាប់ចរាចរណ៍ នៅផ្លូវជាតិលេខ១ ពិសេសរថយន្តក្រុង ដឹកទំនិញ និងគ្រួសារបើកវ៉ាជែងលឿនៗ
នៅពេល សាធារណជន និងអ្នកសារព័ត៌មានចាប់ផ្ដើម សំណូមពរ រិះគន់ បញ្ចេញមតិជាថ្មីទៀតលើករណីចរាចរណ៍ផ្លូវជាតិលេខ១ ដែលសម្បូរអ្នកបើកបរលឿន វ៉ាជែងក្នុងតំបន់គ្រោះថ្នាក់ ជាពិសេសក្នុងចំណោមក្រុមរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម មានទាំងក្រុមរថយន្តដឹកទំនិញ រហូតដល់អ្នកបើកបរជាលក្ខណៈគ្រួសារ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញការពន្យល់ដោយបញ្ជាក់ចំៗ ចំពោះការអនុវត្តច្បាប់ ឥរិយាបថនៃការបើកបរ និងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគិតគូឡើងវិញលើចំណុចអវិជ្ជមានមួយចំនួន។ លោកបណ្ឌិតបានលើកឡើងថា ចំពោះរថយន្តក្រុងភ្នំពេញ-វៀតណាមដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចចរាចរណ៍ដែលប្រចាំការតាមគោលដៅផ្លូវជាតិលេខ១ តែងបានចាត់វិធានការឃាត់យានល្មើសទាំងនោះ និងបានអប់រំណែនាំធ្វើកិច្ចសន្យាអ្នកបើកបរជាបន្តបន្ទាប់។ លោកបន្តថា «ក្នុងករណីណាដែលសមសមត្ថកិច្ចបានរកឃើញជាក់ស្ដែង ចំពោះអ្នកដែលធ្លាប់ទទួលរងការណែនាំ និងមានកិច្ចសន្យាម្ដងរួមមកហើយនោះ គឺយើងត្រូវអនុវត្តតាមផ្លូវច្បាប់ជាដាច់ខាត។ តែបើសិនជាអ្នកបើកបរនោះថ្មី មិនធ្លាប់ទទួលរងការណែនាំ ឬក៏មិនធ្លាប់មានកិច្ចសន្យាបញ្ឈប់សកម្មភាពមិនប្រក្រតីនោះទេ គឺសមត្ថកិច្ចយើងច្រើនតែផ្តល់ឱកាសណែនាំផ្ដល់កិច្ចសន្យាឱ្យគាត់»។ បើទោះបីជាក្រសួងបានចាត់វិធានការ និងមានសមត្ថកិច្ចជំនាញស្របច្បាប់ ដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់យ៉ាងណាក៏ដោយ លោកសង្កេតឃើញថា ប្រជាពលរដ្ឋទូទៅ ទាំងអ្នករត់តាក់ស៊ី ទាំងអ្នកធ្វើដំណើរ ទាំងអ្នកប្រកបការងារ និងធ្វើដំណើរកម្សាន្តនានាហាក់បីដូចជាមិនអើពើ មិនចូលរួមសហការនោះទេ។ លោកបញ្ជាក់ថា «នៅពេលមានមន្រ្តីចរាចរណ៍ ដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ អ្នកបើកបរដែលពុំពាក់ខ្សែក្រវ៉ាត ពុំមានមួកសុវត្ថិភាព ពុំមានកញ្ចក់ អ្នកបើកបរនិយាយទូរសព្ទក្នុងពេលបើកបរ និងល្មើសច្បាប់ដទៃទៀត ពួកគេមានចាប់ផ្ដើមមានអាកប្បកិរិយាមិនសមរម្យ មិនសហការ និងរិះគន់ វាយប្រហារមកកាន់សមត្ថកិច្ច។ ទន្ទឹមគ្នានោះ នៅពេលដែលមានសមត្ថកិច្ចមិនដាក់កម្លាំងត្រួតពិនិត្យបទល្មើស ពួកគេក៏បានរំលោភបំពានផ្លូវ ដែលនាំឱ្យគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវ និងបង្កឱ្យមានគ្រោះថ្នាក់កើតមានឡើង Read more