ប្រធានាធិបតីទីម័រឡេស្តេ៖ សម្ដេចតេជោគឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាស្ថាបនិកកម្ពុជានៅក្នុងសម័យទំនើប
ទីម័រឡេស្តេ៖ លោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានលើកឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាស្ថាបនិកកម្ពុជានៅក្នុងសម័យទំនើប។ ការកោតសរសើររបស់លោកប្រធានាធិបតីទីម័រឡេស្តេ ចំពោះសម្ដេចតេជោបានធ្វើឡើង នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសដែលសម្តេចតេជោជួបពិភាក្សាការងារជាមួយលោក នៅវិមានប្រធានាធិបតីទីម័រឡេស្តេ ទីក្រុងឌីលី។ នៅក្នុងជំនួបនេះដែរ លោក ចូហ្សេ រ៉ាមូស អរតា បានជម្រាបសម្ដេចតេជោថា កម្ពុជាគឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់ទីម័រឡេស្តេ ហើយលោកសូមអរគុណចំពោះសម្ដេចដែលបានខិតខំប្រឹងប្រែងជ្រោមជ្រែងទីម័រឡេស្តេឱ្យក្លាយទៅជាសមាជិកសង្កេតការណ៍របស់អាស៊ាន កាលពីឆ្នាំ២០២២ និងបន្តជួយទីម័រឡេស្តេឱ្យបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅពេលខាងមុខ។ ចំណែកសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរំភើបយ៉ាងក្រៃលែងចំពោះការទទួលបដិសណ្ឋារកិច្ចដ៏អស្ចារ្យពីសំណាក់ភាគីទីម័រឡេស្តេ នៅក្នុងឱកាសសម្ដេចអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីនោះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការទទួលគណៈប្រតិភូក្នុងទម្រង់បែបនេះមិនអាចធ្វើទៅបានឡើយ ប្រសិនបើទំនាក់ទំនងប្រទេសទាំងពីរមិនរឹងមាំ និងមិនល្អប្រសើរទេនោះ។ បន្ថែមពីលើនេះ សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជានិងទីម័រឡេស្តេបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាអស់រយៈពេលជាង២៣ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០០២មក ដូចនេះសម្ដេចសង្ឃឹមថាភាគីទាំងពីរនឹងរួមគ្នាពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ ក្នុងគ្រានេះដែរ លោកប្រធានាធិបតីទីម័រឡេស្តេបានជម្រាបទៅកាន់សម្ដេចតេជោថា ប្រជាជន និងរដ្ឋាភិបាលទីម័រឡេស្តេ ក៏ដូចជារូបលោកផ្ទាល់មានកិត្តិយសឧត្តុង្គឧត្តម និងមានមោទនភាព ដែលបានទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេច និងគណៈប្រតិភូកកម្ពុជាមកកាន់ទីម័រឡេស្តេក្នុងឱកាសនេះ។ គួរបញ្ជាក់ជូនដែរថា ក្នុងពិធីបដិសណ្ឋារកិច្ចចំពោះវត្តមានសម្ដេចតេជោ Read more