នាយកដ្ឋានប្រយុទ្ធនឹងជំងឺថៃ រកឃើញករណីស្លាប់ដោយសារជំងឺអង់ត្រាក់ ក្រោយបរិភោគសាច់គោមានមេរោគ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺរបស់ប្រទេសថៃ (DDC) នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រកាសករណីពលរដ្ឋម្នាក់ស្លាប់ ដោយសារជំងឺអង់ត្រាក់ (Anthrax) ឬជំងឺពិសធ្យូង ក្នុងស្រុកដុនតាន់ (Don Tan) ខេត្តមុកដាហាន (Mukdahan) តំបន់ភាគឦសានប្រទេសថៃ ពាក់ព័ន្ធនឹងការទទួលទាន និងចែកចាយសាច់គោនៅក្នុងពិធីបុណ្យសាសនាមួយ ខណៈដែលមនុស្សសរុប ២៤៧នាក់កំពុងតែស្ថិតក្រោមការតាមដាន។ នេះបើតាមប្រភពពីសារព័ត៌មានថៃ The Nation បានចេញផ្សាយ។ លោកវេជ្ជបណ្ឌិត Phanumat Yannawetsakun អគ្គនាយក DDC បានប្រកាសថា ពលរដ្ឋម្នាក់បានស្លាប់ដោយសារជំងឺអង់ត្រាក់ក្នុងខេត្តដូចបានរៀបរាប់ខាងលើ។ ជនរងគ្រោះជាកម្មករសំណង់ភេទប្រុស អាយុ៥៣ឆ្នាំ ជាប់មានជំងឺទឹកនោមផ្អែមប្រចាំកាយ។ លោកបានបន្តថា អ្នកជំងឺបានកើតដំបៅនៅដៃស្តាំ កាលពីថ្ងៃទី២៤ ខែមេសា ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅថ្ងៃទី២៧ ខែមេសា។ ទោះយ៉ាងណាក៏ដោយ រោគសញ្ញាអ្នកជំងឺកាន់តែអាក្រក់ទៅៗ មុខរបួសប្រែជាខ្មៅ ហើមកូនកណ្តុរនៅក្រោមក្លៀកខាងស្តាំ សន្លប់បាត់ស្មារតី និងប្រកាច់ មុនស្លាប់អំឡុងពេលព្យាបាល។ ភ្លាមៗវេជ្ជបណ្ឌិតសង្ស័យថាជាជំងឺអង់ត្រាក់ ហើយបានបញ្ជូនសំណាកទៅកាន់មន្ទីរពិសោធន៍នៅនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងវិទ្យាស្ថាន Bamrasnaradura ។ ការធ្វើតេស្តបានបញ្ជាក់ពីការឆ្លងបាក់តេរី Bacillus Anthracis។ ការស៊ើបអង្កេតជំហានដំបូងបានបង្ហាញថា សត្វគោមួយក្បាលត្រូវបានសំលាប់ អំឡុងពេលពិធីបុណ្យសាសនាមួយ ហើយសាច់ក្រោយមកត្រូវបានចែករំលែក និងបរិភោគនៅក្នុងភូមិ។ Read more