ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី
ក៏មិនខុសពីឆ្នាំកន្លងទៅនោះដែរ មនុញ្ញផលនៃសុខសន្តិភាព បានញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅប្រកបដោយក្ដីរីករាយនៅគ្រប់ច្រកល្ហកទូទាំងប្រទេស។ ការធានាសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈគឺជាកត្តាគន្លឹះ និងជាភារកិច្ចស្នូលរបស់កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏បានអនុវត្តតួនាទីនេះប្រកបដោយការទទួលខុសត្រូវផងដែរ។ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា «ក្នុងរយៈពេលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ខ្ញុំបានប្រើប្រាស់កងកម្លាំងនគរបាលជាង៧០០នាក់ ដើម្បីការពារ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង។ ដោយឡែក កងកម្លាំងនគរបាល១៣ស្រុកទៀត ខ្ញុំបានរៀបចំការពារទៅតាមតំបន់រមណីដ្ឋាន និងតំបន់កម្សាន្តនីមួយៗក្នុងស្រុក ដើម្បីងាយស្រួលចាត់វិធានការ និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលាទៅតាមស្រុកនីមួយៗ»។ ទីបំផុត ទាំងក្នុងពេល និងក្រោយពេលចូលឆ្នាំ លោកស្នងការខេត្តបាត់ដំបង បញ្ជាក់ថា ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ពោលគឺមានសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ។ លោកបន្ថែមថា «អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ យើងបានត្រៀមលក្ខណៈទុកជាមុន ដើម្បីបង្ការ បង្ក្រាប និងទប់ស្កាត់មិនឱ្យមានបទល្មើសណាមួយកើតមានឡើង ហើយបងប្អូន ប្រជាពលរដ្ឋ ជាពិសេសយុវជន ពួកគេក៏បានមកលេងកម្សាន្តដោយការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក និងជាពិសេសចេះស្រឡាញ់ លើកស្ទួយ និងថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរយ៉ាងល្អគួរជាទីមោទនៈ»។ នៅពេលនិយាយដល់បញ្ហាក្មេងទំនើង លោកស្នងការបានបន្តទៀតថា ក្រោមបទបញ្ជាដ៏តឹងរឹង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត Read more