ក្រុមឈ្មួញយកគ្រឿងចក្រអេស្កា២គ្រឿង រថយន្តដឹកដីជិត១០គ្រឿង សំងំជីកដីជើងកូនភ្នំមួយកន្លែង ដឹកលក់យ៉ាងគគ្រឹកគគ្រេង តាំងពីមុនចូលឆ្នាំខ្មែរ ខណៈមន្ត្រីជំនាញអត់ដឹងរឿង
ប៉ៃលិន ៖ ប្រជាពលរដ្ឋរស់នៅភូមិដីថ្មី បានរាយការណ៍ឱ្យដឹងថា មានក្រុមឈ្មួញបានយកគ្រឿងចក្រ អេស្កាវ៉ាទ័រ ចំនួន២គ្រឿង និងរថយន្តដឹកដី (ចង្កូតស្តាំ) ជិត១០គ្រឿង ទៅសំងំនាំគ្នាជីកកកាយដីនៅក្បែរជើងកូនភ្នំមួយកន្លែង ស្ថិតនៅត្រង់ចំណុចអូរកប់អង្ករ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយដឹកលក់យ៉ាងគគ្រឹកគគ្រេង តាំងពីមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រហូតមកដល់ពេលនេះ មិនទាន់ឈប់នៅឡើយ ខណៈ ដែលគេសង្ស័យថា អត់មានការសុំច្បាប់ ឬទទួលលិខិតអនុញ្ញាតណាមួយពីមន្ត្រីជំនាញ ដល់ក្រុមឈ្មួញទាំងនោះឡើយ ។ ប្រជាពលរដ្ឋ បានរៀបរាប់ឱ្យដឹងថា អស់រយៈពេលជាច្រើនថ្ងៃ ពោលគឺចាប់តាំងពីមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ គេសង្កេតឃើញឈ្មួញបានយកគ្រឿងចក្រអេស្កាវ៉ាទ័រ រួមជាមួយនឹងរថយន្តដឹកដី ជាច្រើនគ្រឿង នាំគ្នាទៅជីកកកាយដីនៅជើងភ្នំមួយកន្លែង ដោយដឹកលក់នៅតាមភូមិនានា ក្បែរព្រំដែន យ៉ាងគគ្រឹកគគ្រេង បណ្តាលឱ្យហុយដីចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ បង្កជាបញ្ហាជំងឺផ្លូវដង្ហើម និងរលាកបំពង់ក ដល់មនុស្សក្មេងចាស់ប្រុសស្រី។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានអាចម៌ដីខ្លះ បានធ្លាក់ពីលើរថយន្តទៅលើផ្លូវ បណ្តាលឱ្យរអិលពេលភ្លៀងធ្លាក់ម្តងៗ និងហុយទ្រលោម ពេលដែលក្តៅខ្លាំង ។ ប្រជាពលរដ្ឋ បន្ថែមទៀតថា ការដឹកដីរបស់ក្រុមឈ្មួញខាងលើនេះ បណ្តាលឱ្យទទួលរងការខូចផ្លូវបេតុង ក្លាយទៅជាជង្ហុកតូចធំ នៅក្បែរមណ្ឌលសុខភាពផ្សារព្រំ នាំឱ្យមានការលំបាក ក្នុងបើកបរម៉ូតូ និងរថយន្ត ថែមទៀត ជាពិសេសធ្វើឱ្យមានករណីគ្រោះថ្នាក់ដួលម៉ូតូជារឿយៗ បណ្តាលឱ្យរងរបួស Read more