ចូលរួមសោកស្តាយ ជាមួយម្ចាស់ដើមការ ខណៈភ្លៀងលាយខ្យល់កន្រ្តាក់បោកបក់កម្ទេចរោងខ្ទេចខ្ទីរនៅខេត្តប៉ៃលិន
ប៉ៃលិន ៖ ឪពុកម្តាយទាំងខាងកូនក្រមុំ និងកូនកម្លោះ នាំគ្នាយំលែងចេញ ដោយសារតែកាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នេះ នៅចំណុចសំបូរ ក្នុងភូមិភ្នំកុយ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណៈពេលដែលលោកអាចារ្យចៅមហា កំពុងតែសូត្រមន្តប្រទានពរជ័យដល់គូស្វាមីភរិយាថ្មី នាថ្ងៃចូលរោងការដំបូង ត្រូវបានភ្លៀងលាយដោយខ្យល់កន្ត្រាក់បោកបក់មកពីទិសខាងលិចបណ្តាលឱ្យប៉ើងរោងនិងសម្ភារៈការអស់គ្មានសល់ ។ ចំណែកឯព្រះសង្ឃ និងលោកអាចារ្យចៅមហា ព្រមទាំងភ្ញៀវប្រុសស្រីបាននាំគ្នារត់ចែកជើងរកកន្លែងជ្រកដើម្បីមិនឱ្យមានគ្រោះថ្នាក់ តែមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែប៉ើងស្បៃរោង និងកម្រាលតុរប៉ាត់រប៉ាយ និងកៅអីរៀបចំម្ហូបអាហារដួលរប៉ាត់រប៉ាយគ្មានសល់ ដែលគួរឱ្យអាណិតម្ចាស់ដើមការស្ទើរខ្លោចចិត្ត ។ ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់ដើមការជាមេបាខាងកូនស្រី ឈ្មោះ ម៉ី ទិត ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិខាងលើ ។ បើតាមប្រភពព័ត៌មានពីលោក នាក់ ឃន មេភូមិភ្នំកុយ បានរៀបរាប់ឱ្យដឹងថា ៖ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ចាប់តាំងពីថ្ងៃរសៀលរហូតដល់ល្ងាចបន្តិច ស្រាប់តែមេឃប្រែទៅជាខ្មៅងងឹតស្លុប មានសភាពអាប់អួរព្រមទាំងខ្យល់បក់បោក មកពីទិសខាងលិច លុះមួយស្របក់ក្រោយមក គេឃើញមានភ្លៀងលាយឡំទៅដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្តាលប៉ើងដំបូលផ្ទះប្រជាពលរដ្ឋរងការខូចខាតអស់មួយចំនួន ។ លោកបន្តទៀតថា រហូតមកដល់ពេលនេះ ខាងលោកកំពុងដើរចុះស្រង់ទិន្នន័យ តែនៅមិនទាន់បូកសរុបធ្ងន់ធ្ងរប៉ុណ្ណា ឬស្រាលប៉ុន្មានខ្នងផ្ទះនោះទេ។ លោកមេភូមិបានបញ្ជាក់ទៀតថា ចំណែកនៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយកន្លែង ក្នុងភូមិរបស់លោក Read more