នៅវេលាម៉ោង០៧និង០០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដា មន្ទីរ ស្ថាប័ន អង្គភាព ទីវត្តអារាម សាលារៀនរដ្ឋ ឯកជនទូទាំងខេត្តបន្ទាយមានជ័យ បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីជាការ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានបញ្ជាក់ ថា ក្រោយពី គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ”បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព”ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស បានសម្តែងនូវក្តីត្រេករ អរ និងមានមោទភាពជាខ្លាំង ក្រោយពីទទួលបានដំណឹងខាងលេី។ ឯកឧត្ដម បន្តថា ជាមួយគ្នានោះដែរ អង្គភាព កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ វត្តអារាម អាស្រម សាលារៀន វិស័យឯកជន និងប្រជាពលរដ្ឋទូទាំងខេត្ត ក៏បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកជាដេីម ដើម្បីជាការបំផុសបន្ថែមទៀតនូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ និងដើម្បីរំលឹកអំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ។
សូមបញ្ជាក់ថា តាមរយៈ សារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានបញ្ជាក់ថា ៖ ការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ដែលរួមមាន អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តល់យោបល់ និងបានណែនាំកាលពីឆ្នាំ២០១៩ ដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សាលទ្ធភាពបញ្ចូលទីតាំងសារមន្ទីរ ទួលស្លែង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ នៃការចងចាំ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។
តាមរយៈអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញជាតិ អន្តរជាតិ និងអង្គការយូណេស្កូ ដើម្បីសិក្សា ស្រាវជ្រាវ និងចងក្រងឯកសារបច្ចេកទេស ទៅតាមនីតិវិធីនៃក្រមប្រតិបត្តិរបស់អនុសញ្ញាឆ្នាំ១៩៧២ ព្រមទាំងទទួលបាននូវការទទួលស្គាល់អំពីតម្លៃលេចធ្លោជាសកលរបស់ទីតាំងទាំងបី ពីសំណាក់អ្នកជំនាញការអន្តរជាតិ (ICOMOS) ដោយរួមទាំងការវាយតម្លៃនិងការផ្តល់យោបល់គាំទ្រដល់ការដាក់បញ្ចូលជាបេតិកភណ្ឌ ពិភពលោកនូវទីតាំងទាំងបីនេះផងដែរ។
ជាមួយគ្នានោះថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានក្លាយជាកាលបរិច្ឆេទនៃការចងចាំនិងដ៏មានសារៈសំខាន់មួយបន្ថែមទៀតសម្រាប់ជាតិ ប្រជាជនកម្ពុជា និងពិភពលោក ទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ”បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព”ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា៕











