សម្តេចតេជោ ហ៊ុន សែន៖ ថៃលេងល្បែងគំរាម ដែលនាំដល់ការខាតបង់ខ្លួនឯង, កម្ពុជាមិនងាប់ដោយសារការផ្តាច់ប្រេងពីថៃទេ!
នៅរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញសារឆ្លើយតបនឹងការគំរាម របស់ភាគីថៃ ដែលចង់ផ្តាច់ការផ្គត់ផ្គង់ប្រេងមកប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបជាមួយនឹងសារធ្ងន់ៗថា កម្ពុជាមិនងាប់ដោយសារ ថៃផ្តាច់ប្រេងនោះទេ ហើយប្រសិនបើចង់ធ្វើ សូមធ្វើតាមចិត្តចុះ តែក្រុមហ៊ុនដែលងាប់មុនគេគឺក្រុមហ៊ុនសាំង PTT ដែលកំពុងមានវត្តមាននៅកម្ពុជា។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះជាមួយនឹងខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ល្បែងគំរាមដែលនាំដល់ការខាតបង់ខ្លួនឯង! ថ្ងៃនេះ ឃើញបក្សប្រឆាំងថៃមួយ ជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនិងធ្វើឲ្យកម្ពុជាចុះចាញ់។ យើងសូមបញ្ជាក់ទៅអ្នកវិញថា យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ។ សម្រាប់កម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាមរួចហើយ អុីនធើណែត អគ្គិសនី ពលករ និងពេលនេះ ល្បែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀត។ បញ្ហាពលករពេលមុន ពួកអ្នកមើលងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជាចំណាប់ខ្មាំងផង និងគំរាមយើងផង តែពេលដែលយើងប្រកាសទទួលយកពលករពេលនេះពួកអ្នកបែរជាចេះយកចិត្ត និងលួងលោមពលករ ព្រោះបើពលករខ្មែរចាកចេញរោងចក្រកសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម។ បើពួកអ្នកក្លាហាន សូមពួកអ្នកបណ្តេញពលករខ្មែរសាកល្បងមើល តើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះទេ?។ Read more