ឯកឧត្តម អ៊ុំ រាត្រី ៖ ឆ្មបមានកាតព្វកិច្ចសំខាន់ គឺការផ្ដល់សេវាថែទាំផ្នែកសម្ភពជូនស្ត្រីជាមាតា កុមារ និងទារក
បន្ទាយមានជ័យ៖ នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៥ ក្រោមប្រធានបទ “ឆ្មបបំពេញតួនាទី សំខាន់គ្រប់ស្ថានភាពគ្រប់ពេលមានអាសន្នគ្រោះមហន្តរាយ” ដែលពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពីគ្រូពេទ្យឆ្មប យុវជនស្ម័គ្រចិត្តកាកបាទក្រហម កាយរិទ្ធ និងស្រ្តីមានផ្ទៃពោះ នៅថ្ងៃអង្គារ ទី០៣ ខែមិថុនា ឆ្នាំ២០២៥។ ថ្លែងនាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងអំពីកិច្ចការងារសំខាន់របស់ឆ្មបមានកាតព្វកិច្ចសខាន់ គឺការផ្ដល់សេវាថែទាំផ្នែកសម្ភពជូនស្ត្រីជាមាតា កុមារ និងទារក ជាសាធារណៈ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់សេវាថែទាំព្យាបាលជូនមាតា កុមារ និងទារក។ ជាមួយគ្នានោះឯកឧត្តម ក៏បានធ្វើការជំរុញលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ក៏ដូចជាគ្រូពេទ្យឆ្មប ត្រូវយកចិត្តទុកដាក់ទៅលើសេវាថែទាំសុខភាពជូនដល់មាតា និងទារក ក្នុងកំលុងពេលមិនទាន់សម្រាល និងសម្រាលកូនរួច ដោយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ឆ្មប។ និងបានណែនាំដល់ស្ត្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាពតាមពេលវេលាកំណត់ ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ទៅពិនិត្យតាមដានសុខភាពក្រោយពេលសម្រាលទាំងមាតាទាំងទារក ព្រមទាំងបន្តតាមដានសុខភាពកុមារតូចតាមកាលកំណត់។ Read more