សត្វដំរីញីដ៏ល្បី ឈ្មោះ«ឡាក់គី»បានងាប់ហើយ បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗ ទោះក្រុមពេទ្យសត្វបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតក៏ដោយ

យោងតាមការឱ្យដឹងពី រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សត្វដំរីញីឈ្មោះ«ឡាក់គី» បានងាប់ហើយនៅព្រឹកថ្ងៃអាទិត្យទី២៤ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រនេះ ទោះក្រុមពេទ្យសត្វរបបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន។ លោកទ្រី ស៊ីថេង ដែលជាហ្មរបស់ឡាក់គី បានបន្តជួយថែទាំ«ឡាក់គី»បើទោះបីជាបានចាកចេញពី អង្គការ​Wildlife Alliance ហើយក៏មានវត្តមាននៅជាប់ជាមួយឡាក់គី នៅពេលមានអាការៈជំងឺផងដែរ។ រដ្ឋបាលព្រៃឈើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកថែទាំ ពេទ្យសត្វ និងបុគ្គលិកទាំងអស់នៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ជាពិសេស លោក ទ្រី ស៊ីថេង ដែលប្រៀបដូចជាឪពុកដែលបានផ្តល់ក្តីស្រឡាញ់ និងការថែទាំ«ឡាក់គី» ប្រកបដោយវិជ្ជាជីវៈយ៉ាងខ្ជាប់ខ្ជួនពេញមួយជីវិត។ រដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា សម្រាប់រយៈពេលជាង ២៦ឆ្នាំនៃការចិញ្ចឹមបីបាច់ថែរក្សានៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដំរី «ឡាក់គី» បានវិវត្តពីកូនដំរីតូចមួយ ទៅជានិមិត្តរូបនៃភាពអង់អាច ភាពទន់ភ្លន់ និងបានបំផុសគំនិតឱ្យសាធារណជនមានការស្រឡាញ់ និងការលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពដំរី និងការអភិរក្សសត្វព្រៃ។ រដ្ឋបាលព្រៃឈើនៅតែបន្តប្តេជ្ញាការពារ និងថែរក្សាសត្វព្រៃនៅកម្ពុជា និងអំពាវនាវដល់សាធារណជនទាំងអស់ បន្តចូលរួមគាំទ្រកិច្ចការអភិរក្សសត្វព្រៃ និងការងារថែទាំសត្វនៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ដើម្បីជំរុញការយកចិត្តទុកដាក់លើធនធានសត្វព្រៃឱ្យបានដូចដំរី«ឡាក់គី»ក្នុងពេលកន្លងមក៕

ពលរដ្ឋខេត្ដសៀមរាបរាប់រយនាក់ ដង្ហែក្បួនទាមទាឱ្យរដ្ឋាភិបាលថៃគោរពបទឈប់បាញ់ និងត្រូវដោះលែងយោធាទាំង១៨រូបត្រលប់មកកម្ពុជាវិញ

ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥​ បាននាំគ្នាដើរដង្ហែក្បួនតាមបណ្ដាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ដើម្បីអំពាវនាវដល់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ជំរុញរដ្ឋាភិបាលថៃឱ្យដោះលែងយោធាកម្ពុជាចំនួន១៨រូប ដែលទាហានថៃបានចាប់ខ្លួនក្រោយបទឈប់បាញ់ ឱ្យពួកគាត់ត្រលប់មកផ្ទះសម្បែងជួបជុំក្រុមគ្រួសារវិញ។  យោងតាមការឱ្យដឹងពីពលរដ្ឋនៅខេត្ដសៀមរាប​ បានឱ្យដឹងថា ការចាប់ខ្លួនយោធាខ្មែរដោយខុសច្បាប់ពីសំណាក់ទាហានថៃនេះ ជាការប្រមាថ និងមិនគោរពបទឈប់បាញ់ដែលមានការចូលរួមអន្ដរាគមន៍ពីប្រទេសសហរដ្ឋអាម៉េរិក ប្រជាមានិតចិន និងប្រទេសម៉ាឡេស៊ី។ ដូច្នេះរដ្ឋាភិបាលថៃដោះលែងវីរកងទ័ពដែលបានចាប់ខ្លួនត្រលប់មកកម្ពុជាវិញ។ ប្រជាពលរដ្ឋក៏បានអំពាវនាវដល់រដ្ឋាភិបាលថៃគោរពឱ្យបានជាដាច់ខាតនូវបទឈប់បាញ់ និងគោរពឱ្យបាននូវច្បាប់អន្ដរជាតិ ដែលថៃបានប្រើប្រាស់នូវអាវុធដែលជាឧក្រិដ្ឋកម្មនៃសង្រ្គាម ដែលមានដូចជា F16 BM84 និងផ្សែងពុល ប្រើប្រាស់នូវយុទ្ធបករណ៍ និងឱ្យរាជរដ្ឋាភិបាលថៃបញ្ឈប់ជាបន្ទាន់។ ពលរដ្ឋក្នុងខេត្ដសៀមរាបក៏បានអំពាវនាវដល់ពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសជឿជាក់ និងទុកចិត្ដលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន។ រាជរដ្ឋាភិបាលបានប្រើយុទ្ធសាស្រ្ដចាស់ទុំតាមរយៈនយោបាយកាទូតដែលជាកម្លាំងវិជ្ជមាន ដែលបង្ហាញដល់អន្ដរជាតិឱ្យដឹងពីភាពខ្លាំងរបស់កម្ពុជា​ និងបង្ហាញថាកម្ពុជាចង់បានសន្តិភាព៕

ក្រសួង​មហាផ្ទៃ​ប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារឆ្នាំ២០២៥ ជ្រើសយក៧២នាក់ក្នុង​ចំណោម​បេក្ខជន២៥០នាក់

គណៈកម្មការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥បានដំណើរការប្រឡងនៅព្រឹកថ្ងៃទី២៤សីហាឆ្នាំ២០២៥នេះ នៅ «មណ្ឌលប្រឡងវិទ្យាល័យជា ស៊ីម សន្ធរម៉ុក »ជាមួយនិងបេក្ខជនប្រឡងចំនួន២៥០នាក់ មានបេក្ខនារី៧៨នាក់ដោយត្រូវជ្រើសរើសយកចំនួន៧២នាក់ក្នុងនោះ វេជ្ជបណ្ឌិត២៩នាក់ វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី ចំនួន ៥ នាក់,គិលានុបដ្ឋាកចំនួន៣៨នាក់។ការប្រឡងនេះធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡងចែកចេញជា២ក្រុម ដោយក្រុមទី១ឯកឧត្ដម សន្តិបណ្ឌិត.ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក​កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្រុមទី២ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ និងលោកហុក ហួលីម នាយករដ្ឋបាលសាលារាជធានីភ្នំពេញរួមនឹងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀត។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា  ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ មានផ្នែកជំនាញសុខាភិបាល ចំនួន៧២នាក់ (ឋានន្តរស័ក្តិវរអគ្គានុរក្ស ថ្នាក់លេខ៣) សម្រាប់បម្រើការងារនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តក្នុងនោះសម្រាប់រាជធានីភ្នំពេញចំនួន៨នាក់។ ចំពោះការប្រលងនេះបេក្ខជនត្រូវបានអនុវត្ត ដោយមិនត្រូវលួចចម្លង ឬមានបំណងលួចចម្លង,មិនត្រូវពិភាក្សា ឬចម្លងគ្នា,មិនត្រូវយកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង,ហាមយកតាម និងប្រើប្រាស់ទូរស័ព្ទ វិទ្យុទាក់ទងគ្រប់ប្រភេទ និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទដែលអាចផ្ទុកឯកសារបាន ចូលក្នុងបន្ទប់ប្រឡង។ ក្នុងករណីមេប្រយោគ ឬ អនុរក្សឆែករកឃើញ បេក្ខជននឹងត្រូវបណ្ដេញចេញពីបន្ទប់ប្រឡង។ មិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស ឬសរសេរកិច្ចការជំនួសនៅលើសន្លឹកកិច្ចការរបស់ខ្លួន,មិនត្រូវគូសសញ្ញាសំគាល់នៅលើសន្លឹកកិច្ចការ,មិនត្រូវធ្វើសកម្មភាពណាដែលនាំឲ្យចលាចលក្នុងមណ្ឌលប្រឡង ,ហាមដាច់ខាតចំពោះការសេពគ្រឿងស្រវឹង និងជក់បារីនៅក្នុងបរិវេណមណ្ឌលប្រឡង ។ រាល់ការប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិខាងលើ បេក្ខជនត្រូវប្រឈមនឹងការបញ្ឈប់មិនឲ្យប្រឡង ហើយ សន្លឹកកិច្ចការរបស់បេក្ខជននោះនឹងត្រូវបានពិន្ទុសូន្យ និងទទួលកម្រិតវិន័យផ្សេងៗទៀតដែលត្រូវបានកំណត់ Read more

សាច់បង្កកនិងទំនិញចម្រុះចាប់ហួយរាប់សិបតោន ឆ្លងអូរព្រំដែនពីប្រទេសថៃ ចូលកម្ពុជាក្បែរច្រកតំបន់ម៉ាឡៃ ត្រូវបានសមត្ថកិច្ចបង្ក្រាប

ទំនិញរាប់សិបតោនមានសាច់បង្កកនិងទំនិញចាប់ហូយនាំចូលពីប្រទេសថៃឆ្លងអូរព្រំដែនខាងជើងច្រកតំបន់ម៉ាឡៃចំណុច ភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យត្រូវបានអាជ្ញាធរសមត្ថកិច្ចចម្រុះចុះបង្រ្កាប និង ឃាត់ខ្លួនជនពាក់ព័ន្ធជាម្ចាស់ទីតាំងម្នាក់និងរថយន្តមួយគ្រឿង កាលពីរសៀលថ្ងៃទី២២ សីហា ២០២៥។ តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោមការដឹកនាំរបស់អភិបាលរងខេត្តបន្ទាយមានជ័យលោកស្វាយ ជា អភិបាលស្រុកម៉ាឡៃនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបងខេត្តបន្ទាយមានជ័យបានចុះបង្រ្កាបករណីជួញដូរនាំទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមការឆ្លងកាត់អូរព្រំដែនចំណុចក្រោយផ្ទះពលរដ្ឋដែលរស់នៅជាប់អូរព្រំដែនហើយយកមកស្តុបទុកនៅនឹងផ្ទះរបស់ឈ្មោះឃុន អឿន ភេទប្រុស អាយុ៣៩ឆ្នាំ ស្ថិតនៅក្នុងភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។ សមត្ថកិច្ចពុំបានបញ្ជាក់លំអិតអំពីមុខទំនិញទេដោយគ្រាន់តែប្រាប់ថា មានជាប្រភេទសាច់បង្កកជាសាច់មាន់ ស្លាបមាន់ ប្រហិត ថ្នាំដុសធ្មេញ ប្រេងកូឡា ព្រមទាំងទំនិញចាប់ហួយជាច្រើនមុខទៀតសរុបទាំងអស់ចំនួនបីរថយន្តធំ។ ទំនិញទាំងអស់ខាងលើ បើតាមប្រភពនានាបានឱ្យដឹងថា ត្រូវបានឈ្មួញនាំចូលជាប្រចាំតាំងពីថៃប្រកាសបិទច្រកព្រំដែន។ មិនត្រឹមតែមានទំនិញនាំចូលទេ ក៏មានការនាំចេញជាទំនិញបារីនិងមនុស្សជាពលករខ្មែរថៃឆ្លងដែនចេញចូលស្ទើររាល់ថៃដោយមិនថា សមត្ថកិច្ចកម្ពុជា ឬ ថៃទេតែបង្ក្រាបបានជាបន្តបន្ទាប់ចំពោះព្រំដែនស្រុកម៉ាឡៃនេះ។ ក្រោយការបង្ក្រាបសមត្ថកិច្ចបានឱ្យម្ចាស់ផ្ទះឈ្មោះឃុន អឿន ធ្វើកិច្ចសន្យាឈប់ជួលទីតាំងដាក់ទំនិញទៀតនិងនាំខ្លួនជាមួយរថយន្តអាសុីណាពណ៌សមួយគ្រឿង និង ទំនិញទាំងអស់យកទៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ៕

សម្តេចតេជោ បានបោះចោលសញ្ញាបត្រទាំង៣សាលារបស់ថៃអស់យូរហើយ ព្រោះវាគ្មានតម្លៃសោះឡើយ

សម្តេចតេជោ ហ៊ុន សែន បានបោះចោលសញ្ញាបត្រទាំង៣សាលារបស់ថៃអស់យូរហើយ ព្រោះវាគ្មានតម្លៃសោះឡើយ ខណៈខួរក្បាល និងចំណេះដឹងរបស់សម្ដេចមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ។ យោងតាមបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី២២ ឆ្នាំ២០២៥ ដោយបានបញ្ជាក់ថា ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃអ្វីដែលខ្ញុំត្រូវរក្សាទុក! ថ្ងៃនេះឃើញថាសាលាមួយទៀតរបស់ថៃប្រកាសដកហូតសញ្ញាបត្រពីខ្ញុំ សូមបញ្ជាក់ទៅវិញថា សញ្ញាបត្រទាំង៣សាលារបស់ថៃដែលធ្លាប់ប្រគល់ឲ្យខ្ញុំ ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃសោះឡើយសម្រាប់ខ្ញុំរក្សាទុក! ។ សម្ដេចតេជោបានបញ្ជាក់ថា សាលាទីមួយ ទទួលនៅឆ្នាំ២០០១​ សាលាទី២ទទួលនៅឆ្នាំ២០០៦ និងសាលាទី៣ ទទួលនៅឆ្នាំ២០១៩ ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសមួយសន្លឹករបស់អ្នកនោះឡើយ។ សម្ដេចតេជោអះអាងថា ខួរក្បាល និងចំណេះដឹងរបស់ខ្ញុំមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ប្រជាជនកម្ពុជា និងសាលារៀនរបស់កម្ពុជា គឺជាអ្នកបង្រៀនខ្ញុំ។ សម្ដេចតេជោគួរតែប្រាប់ពួកអ្នកវិញថា បើពិនិត្យពីពេលវេលាដែលពួកអ្នកសុំប្រគល់សញ្ញាបត្រឲ្យខ្ញុំ (ខ្ញុំអត់បានស្នើសុំពីពួកអ្នកទេ) និងពេលវេលាដែលខ្ញុំកាន់តំណែងក្នុងកិច្ចការជាតិ សញ្ញាបត្ររបស់អ្នកគ្មានជួយអ្វីដល់ខ្ញុំទេ ព្រោះសញ្ញាបត្របានផ្តល់ឲ្យខ្ញុំក្រោយ ជោគជ័យរបស់ខ្ញុំដែលមានកំណត់ត្រាដូចខាងក្រោម៖ ឆ្នាំ១៩៧៩ អាយុ២៧ឆ្នាំ ជារដ្ឋមន្រីក្រសួងការបរទេស។ ឆ្នាំ១៩៨១ អាយុ២៩ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងឆ្នាំ១៩៨៥ អាយុ៣២ឆ្នាំ ជានាយករដ្ឋមន្ត្រី។ សម្ដេចតេជោគិតថាពួកអ្នកនឹងមានការអៀនខ្មាស់ ប្រសិនបើពួកអ្នកពិនិត្យឡើងវិញនូវការវាយតម្លៃរបស់ពួកអ្នកលើគុណសម្បត្តិរបស់ខ្ញុំ នៅពេលអ្នកសុំខ្ញុំឲ្យទទួលសញ្ញាបត្ររបស់អ្នក។ ខ្ញុំនឹងឲ្យខុទ្ទកាល័យរបស់ខ្ញុំផ្សព្វផ្សាយអំពីការវាយតម្លៃរបស់ពួកអ្នកមកលើគុណសម្បត្តិរបស់ខ្ញុំ ក្នុងគោលបំណងកុំឲ្យពួកអ្នកភ្លេច។ Read more

តំណាងស្ថានទូតចំនួន៤២ប្រទេស និងអង្គការអន្តរជាតិចំនួន២០ បានចុះពិនិត្យសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ ក្នុងឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ

ក្រុមតំណាងស្ថានទូតបរទេសចំនួន៤២ និងអង្គការអន្តរជាតិចំនួន២០ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានចុះទៅដល់ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន។ ដំណើរចុះពិនិត្យមើលសកម្មភាពជាក់ស្តែងនៃការអនុវត្តបទឈប់បាញ់របស់ គណៈប្រតិភូបណ្តាអង្គទូតប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាលនេះ ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ បេសកកម្មនេះ ធ្វើឡើងក្រោយពេលដែល ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីនជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាទាំងនោះ។ កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីកងទ័ពប្រទេសទាំងពីរបានប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ នៅព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយសារតែភាគីថៃបានបំពានលើដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងបានបើកការវាយប្រហារមុន។ ក្រោយបទឈប់បាញ់នេះ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជា-ថៃ ក៏បានចុះកិច្ចព្រមព្រៀង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញ GBC នៅប្រទេសម៉ាឡេស៊ីថែមទៀត៕

កម្ពុជា-ថៃ រៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) នៅខេត្តស្រះកែវ ប្រទេសថៃ

លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង១១:១៥នាទីព្រឹកថ្ងៃដដែល ដោយភាគីកម្ពុជា និងថៃបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរយៈពេលមួយខែក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

តុលាការថៃ សម្រេចថា អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន មិនមានទោសពីបទប្រមាថព្រះមហាក្សត្រនោះទេ

យោងតាមព្រឹត្តិការណ៍សង្ខេបខ្លីៗពីប្រព័ន្ធផ្សព្វផ្សាយ Khaosod របស់ថៃ បានចុះផ្សាយនៅមុននេះបន្តិចថា តុលាការព្រហ្មទណ្ឌថៃ សម្រេចថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) មិនមានជាប់ទោសទណ្ឌពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រនោះទេ ក្នុងអំឡុងបទសម្ភាសន៍របស់លោកថាក់ស៊ីន ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៥ ។ សេចក្ដីសម្រេចចុងក្រោយនេះ បានធ្វើឱ្យអ្នកគាំទ្រលោកថាក់ស៊ីន នាំគ្នាចេញមកអបអរសាទរ គួររម្លឹកថា នៅក្នុងប្រទេសថៃ មានច្បាប់មួយដ៏តឹងរ៉ឹងបំផុតពាក់ព័ន្ធនឹងការប្រមាថខ្សែរាជវង្ស ដោយជនជាប់ចោទអាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំឯណោះ។ ទោះជាបែបណាក្ដី កាសែតដដែលនេះ មិនបានបញ្ជាក់នោះទេថា តើមានការសម្រេចបែបណាចំពោះករណីចោទថា លោកថាក់ស៊ីន អាចនឹងមិនបានអនុវត្តច្បាប់ក្នុងការកាត់ទោសឱ្យបានត្រឹមត្រូវ អំឡុងវិលត្រឡប់មកចូលស្រុកថៃវិញក្នុងឆ្នាំ ២០២៣ ដែលការនោះលោកថាក់ស៊ីន មានជំងឺត្រូវបញ្ជូនជាបន្ទាន់ទៅសម្រាកក្នុងមន្ទីរពេទ្យ ជំនួសឱ្យការជាប់ពន្ធនាគារ ។ ដោយឡែក ក្រៅពីលោកថាក់ស៊ីន លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ ដែលត្រូវជាកូនស្រីរបស់លោកឯណោះវិញ ក្រោយបង្ហាញខ្លួននៅក្នុងតុលាការនៅថ្ងៃទី២១ ខែសីហារួចហើយ ឥឡូវនេះ លោកស្រីកំពុងរង់ចាំសាលក្រមសម្រេចនៅថ្ងៃទី២៩ ខែសីហា ថាតើលោកស្រី នឹងអាចរក្សាឬក៏ត្រូវរបូតចេញពីតំណែងនាយករដ្ឋមន្ត្រីជាផ្លូវការ ជុំវិញសំណុំរឿងចោទប្រកាន់ដែលប្ដឹងដោយក្រុមសមាជិកព្រឹទ្ធសភា ទៅកាន់តុលាការ ពាក់ព័ន្ធនឹងបទបំពេញការងារដោយគ្មានវិជ្ជាជីវៈ និងបំពានក្រមសីលធម៌ ក្នុងបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ដែលនាំឱ្យមានការប៉ះទង្គិចគ្នាដោយយោធាមិនធ្លាប់មាន ៕

រយៈពេលជាង២ខែ កម្ពុជាបង្រ្កាបបទល្មើស ONLINE SCAMSបានចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ឃាត់ខ្លួនជនសង្ស័យសរុបប្រមាណជាង៣ពាន់នាក់

ដោយគិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS)បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ៣,១៧០នាក់ មាន១៩សញ្ជាតិ។ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE​ SCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖ ក្នុងក្របខណ្ឌនៃយុទ្ធនាការនិងការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយគិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS)បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ៣,១៧០នាក់ មាន១៩សញ្ជាតិ។ ក្នុងយុទ្ធនាការបង្ក្រាបសកម្មភាពឆបោកអនឡាញក្នុងនោះដែរ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោងចំនួន៦៦នាក់ និងបក្ខពួករបស់ពួកគេទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធការឆបោកអនឡាញចំនួនសរុបប្រមាណជាង ២,៤៥០នាក់ និរទេសចេញពីកម្ពុជា។ Read more

ក្រុមអ្នកសង្កេតការណ៍អន្តរកាល៥ប្រទេស បន្តដំណើរទៅពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន ៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី២១ ខែសីហានេះ បានបន្តដំណើរទៅពិនិត្យជុំវិញប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់ ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់នៅព្រឹកថ្ងៃទី២១ ខែសីហា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើថា ក្រោយពីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន ៥ ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជាដើម្បីធ្វើដំណើរទស្សនកិច្ចនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទ ឈប់បាញ់នោះ នៅព្រឹកថ្ងៃទី២១ ខែសីហានេះ ពួកគាត់បានបន្តបេសកកម្មចុះពិនិត្យ ដើម្បីឲ្យដឹងកាន់តែច្បាស់លាស់បន្ថែមទៀត។ សំឡេង “នៅព្រឹកថ្ងៃទី២១ ខែសីហានេះ ក្រុមការងារ និងក្រុមអ្នកសង្កេតការណ៍អន្តរកាលកំពុងបន្តបេសកកម្មរបស់ខ្លួននៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់អំពីស្ថានភាពក្រោយបទឈប់បាញ់” ។ លោកជំទាវបានគូសរំលឹកពីក្រុមអ្នកសង្កេតការណ៍អន្តរកាលនេះថា បានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃ២៨ កក្កដា កន្លងមក ។ Read more