ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបជាមួយអង្គទូតបរទេសចំនួន២៧ ដើម្បីពន្យល់ពីស្ថានការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នៅទីស្តីការក្រសួងបានអញ្ជើញជួបអង្គទូតបរទេសចំនួន ២៧ ប្រទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។ គួររំលឹកថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាចនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ជូនដោយផ្ទាល់ដៃដល់លោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ កាលពីថ្ងៃទី១៦ ខែមិថុនាដដែល ទាំងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជាមិនដកថយទេ ពាក់ព័ន្ធនឹងការស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិ ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការបញ្ជាក់ថា រយៈសារពិសេសជូនជនរួមជាតិថា សំណុំរឿងតំបន់ទាំងបួនដែលបញ្ជូនទៅតុលាការអន្តរជាតិនេះ ពុំអាចដោះស្រាយតាមយន្តការទ្វេភាគីបានទេ Read more