តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី១ ខែកក្កដា បានសម្រេចទទួលញត្តិរបស់សមាជិកព្រឹទ្ធសភា ក្នុងសំឡេងគាំទ្រចំនួន៩។ ទន្ទឹមនេះ សមាជិករបស់តុលាការថៃចំនួន ៧នាក់ បានគាំទ្រព្យួរតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បណ្តោះអាសន្ន ខណៈ២សំឡេងប្រឆាំង។ ញត្តិនោះ ធ្វើឡើងដោយផ្អែកតាមមាត្រា ១៦០ នៃរដ្ឋធម្មនុញ្ញ ជុំវិញការខ្វះវិជ្ជាជីវៈ ក្រោយបែកធ្លាយកិច្ចសន្ទនាសម្ងាត់ជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
មុនពេលតុលាការទទួលញត្តិ លោកស្រី ផែថងថាន ក៏បានរៀបចំផ្លូវក្រោយសម្រាប់ខ្លួនឯងមួយដែរ ដើម្បីត្រួតត្រាយផ្លូវ សម្រាប់ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី និងបន្តការងារក្នុងរដ្ឋាភិបាល។ ក្នុងការរុះរើគណៈរដ្ឋមន្រ្តីថ្មី ដែលត្រូវបានមហាក្សត្រថៃតែងតាំងនៅថ្ងៃទី១ ខែកក្កដា ហើយស្បថចូលកាន់តំណែងនៅថ្ងៃទី៣ ខែកក្កដា លោកស្រី ផែថងថាន នឹងកាន់តំណែងជារដ្ឋមន្រ្តីវប្បធម៌មួយទៀត បន្ថែមពីលើតួនាទីនាយករដ្ឋមន្រ្តី។ បានសេចក្តីថា លោកស្រីផែថងថាន នៅតែអាចចូលរួមប្រជុំក្នុងគណៈរដ្ឋមន្រ្តីបានដដែល។
ដើម្បីឈានទៅដល់ការដកតំណែងលោកស្រីផែថងថាន តុលាការធម្មនុញ្ញ ត្រូវការប្រើពេលជាច្រើនថ្ងៃ ដើម្បីស៊ើបអង្កេត និងពិចារណា។ កន្លងមក ករណីស្រដៀងនេះ ក៏កើតមានចំពោះលោក ប្រាយុទ្ធ ចន្ទអូចា អតីតនាយករដ្ឋមន្រ្តីថៃ ផងដែរ។
លោកស្រី Paetongtarn បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យរដ្ឋាភិបាលក្នុងទីក្រុងបាងកក យ៉ាងដូច្នេះថា «សេចក្តីសម្រេចបានចេញមកហើយ ហើយខ្ញុំយល់ព្រមទទួលយកការសម្រេចចិត្តរបស់តុលាការ ក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា វាតែងតែជាចេតនារបស់ខ្ញុំជានិច្ច ក្នុងការធ្វើអ្វីៗដែលប្រសើរបំផុតដើម្បីប្រទេសខ្ញុំ»។
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English លោក Suriya Jungrungreangkit ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីដឹកជញ្ជូន (មកពីគណបក្សភឿថៃ) នឹងធ្វើជានាយករដ្ឋមន្រ្តីស្តីទី ។ ទន្ទឹមនេះ លោក Suriya នឹងដឹកនាំសមាជិកគណៈរដ្ឋមន្រ្តីថ្មីចូលស្បថកាន់តំណែងនៅថ្ងៃទី៣ ខែកក្កដា៕





