រដ្ឋបាលខេត្តកណ្ដាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ២០៣៧ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិព្រែកតាប្រាំង និងភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម
កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជំរុញដល់រដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីអោយបានអស់ ដើម្បីក្លាយជាស្រុកគំរូក្នុងចំណោញក្រុង-ស្រុក ទាំងអស់ទូទាំងខេត្តកណ្តាល។ ការជំរុញនេះធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២០៣៧ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិព្រែកតាប្រាំង និងភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅបរិវេណវត្តព្រែកក្រូច។ ឯកឧត្តម អភិបាលខេត្តកណ្ដាល បន្តថា៖ ស្រុកល្វាឯម គឺជាស្រុកមួយ ក្នុងចំណោមក្រុង-ស្រុកដទៃទៀត ដែលទំនាស់ដីធ្លីនៅសល់តិចតួច ដូច្នេះរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំយកចិត្តទុកដាក់ សម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លីដែលនៅមានសេសសល់ឱ្យបានចប់ ដើម្បីធ្វើគំរូដល់ក្រុង-ស្រុកដ៏ទៃក្នុងការបញ្ចប់ទំនាស់ដីធ្លី។ ជាមួយគ្នានេះដែរឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការសម្របសម្រួល និងស្រុះស្រួលគ្នាក្នុងករណីមានទំនាស់ដីធ្លីបន្តិចបន្តួច ព្រមទាំងសហការជាមួយមន្ត្រីចុះបញ្ជីដីធ្លី នៃមន្ទីររៀបចំដែនដី នគររូបយីកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល Read more