ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ រាជរដ្ឋាភិបាលកម្ពុជា ខិតខំលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិស្រ្តី ខុសពីប្រទេសមួយចំនួន ស្ត្រីត្រូវបានបំបិទសិទ្ធិ មិនឱ្យរៀនសូត្រខ្ពង់ខ្ពស់ និងមិនមានសិទ្ធិជ្រើសរើសគូអនាគត
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងសាលប្រជុំរបស់សាលាខេត្តកំពង់ចាម ដែលមានការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត រដ្ឋបាលសាលាខេត្ត កងរាជអាវុធហត្ថ នគរបាល តំណាងពន្ធនាគារ និស្សិត គរុសិស្ស រួមទាំងអ្នកនាំពាក្យតាមអង្គភាពនីមួយៗ ប្រមាណជា ៦០០នាក់ ។ សិក្ខាសាលានេះ រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា សិក្ខាសាលានាពេលនេះ រៀបចំឡើងក្នុងគោលបំណង (១)បង្ហាញពីកិច្ចខំប្រឹងប្រែង និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា (២)បង្ហាញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ (៣)បញ្រ្ជាបការយល់ដឹងបន្ថែមដល់អង្គភាព ថ្នាក់ក្រោមជាតិ ឱ្យយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស និង(៤)ជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសេចក្តីសង្កេតសន្និដ្ឋាន (អនុសាសន៍) នៃរបាយការណ៍ជាតិស្តីពីកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ Read more