ប្រទេសតួកគី ចេញដីកាចាប់ខ្លួនលោក Netanyahu ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រទេសតួកគី
បើតាមការលើកឡើងរបស់ការិយាល័យរដ្ឋអាជ្ញានៃទីក្រុងអ៊ីស្តង់ប៊ុលបានឱ្យដឹងថា ខ្លួនបានចេញដីកាចាប់ខ្លួន នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu មន្ត្រីរដ្ឋាភិបាល និងយោធាជាន់ខ្ពស់ជាច្រើន រូបពីបទបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ ការិយាល័យរដ្ឋអាជ្ញាបានឱ្យដឹងថា “តាមសំណើរបស់ការិយាល័យរដ្ឋអាជ្ញាទទួលបន្ទុកសំណុំរឿងព្រហ្មទណ្ឌនៅទីក្រុងអ៊ីស្តង់ប៊ុល បានចេញដីកាចាប់ខ្លួនមនុស្សចំនួន ៣៧នាក់ រួមមាននាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល ប្រធានអគ្គសេនាធិការកងទ័ព អ៊ីស្រាអែល និងមេបញ្ជាការកងទ័ពជើងទឹកអ៊ីស្រាអែល ពីបទចោទប្រកាន់ប្រឆាំងនឹងមនុស្សជាតិក្រោម មាត្រា ៧៧ នៃក្រមព្រហ្មទណ្ឌ និងបទចោទប្រកាន់ប្រល័យពូជសាសន៍ក្រោមមាត្រា ៧៦ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសតួកគី។ គួរបញ្ជាក់ថា ជាលទ្ធផលនៃការប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលអ៊ីស្រាអែលបានប្រព្រឹត្តជាប្រព័ន្ធនៅតំបន់ហ្គាហ្សា គឺបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ រួមទាំងស្ត្រី និងកុមារផងដែរបានស្លាប់ មនុស្សជាច្រើនបានរងរបួស និងតំបន់លំនៅឋានត្រូវបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕










